ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ អាជ្ញាធរសង្កាត់បន្សាយរាក់ត្រៀមដី២ហិកតា សម្រាប់ធ្វើជាលានចាក់សំរាម
15, Jan 2023 , 2:59 pm        
រូបភាព
 លោក ពីស ពីរ៉ាពឿង ចៅសង្កាត់រងបន្សាយរាក់។
លោក ពីស ពីរ៉ាពឿង ចៅសង្កាត់រងបន្សាយរាក់។
ក្រុងសំរោង, ឧត្ដរមានជ័យ៖ សំរាម ត្រូវបានពលរដ្ឋមួយចំនួនបោះចោលពាសវាលពាសកាល ទៅតាមប្រភពទឹក វាលស្រែ ផ្លូវសាធារណៈ និងលំនៅដ្ឋានពួកគេជាដើម។ ការណ៍នេះត្រូវបាន លោក ពី រ៉ាពឿង មើលឃើញជាបញ្ហាមួយ ដែលឃុំកំពុងជួបប្រទះនាពេលបច្ចប្បន្ន។



នាកិច្ចសម្ភាសន៍ជាមួយយុវជនសង្កាត់បន្សាយរាក់ កាលពីខែធ្នូកន្លងទៅ លោក ពីស ពីរ៉ាពឿង​ លើកឡើងថា បើទោះជាសង្កាត់ស្ថិតក្នុងក្រុងសំរោងក៏ដោយ ប៉ុន្តែនៅសង្កាត់ខ្លួនមិនមានសេវាប្រមូលសំរាម និងមិនមានទីលានចាក់សំរាមនោះដែរ។ «រឿងសំរាមនេះប្រជាជនមូលដ្ឋានយើង មិនដូចបរទេសទេ នៅតែរាយប៉ាយ​ ប្រជាយើង(ការយល់ដឹង)នៅមានកម្រិតនៅមូលដ្ឋាន»។ នេះជាការលើកឡើងរបស់ លោក ពីស ពីរ៉ាពឿង​ ដោយបន្ថែមថា បញ្ហាសំរាមឥតសណ្ដាប់ធ្នាប់នេះ ជារឿងមួយដែលអាជ្ញាធរកំពុងគិតគូរ និងរកដំណោះស្រាយ។ 
 
បើតាមសម្ដីរបស់ចៅសង្កាត់រងទី១នេះ អាជ្ញាធរបានត្រៀមដីចំនួន២ហិកតារួច​ហើយ នៅក្នុងភូមិភូមិ កសិ-ទេពពោធិវង្ស ធ្វើជាទីលានចាក់សំរាម សម្រាប់ប្រើប្រាស់ក្នុងសង្កាត់។ នេះជាការអះអាងរបស់ ចៅសង្កាត់រងទី១ លើផែនការបញ្ហាបរិស្ថានក្នុងសង្កាត់បន្សាយរាក់។
 
ចៅសង្កាត់រូបនេះបញ្ជាក់ទៀតថា កន្លងមកអាជ្ញាធរតែងរៀបចំកម្មវិធីចុះអប់រំ ផ្សព្វផ្សាយ ពីការគ្រប់គ្រងសំណល់ បរិស្ថាន​​​ ជាដើម ប៉ុន្តែពលរដ្ឋហាក់មិនសូវអាចធ្វើបាននៅឡើយ។ លោកសង្ឃឹមផងដែរថា​ ប្រសិនបើគម្រោងទីលានចាក់សំរាមចេញជារូបរាង នឹងជួយដល់ការកាត់បន្ថយការចោលសំរាមពាសវាលពាសកាល និងលើកកម្ពស់សុខភាពពលរដ្ឋ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ThmeyThmey
  បន្សាយរាក់​
 ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com