ជាតិ
យុវជនសកម្ម សេវាល្អ
​ឧត្តរមានជ័យ៖ បើមានភ្លើងបំភ្លឺផ្លូវពេលយប់ ​សង្កាត់បន្សាយរាក់នឹងកាន់តែមានសុវត្ថិភាព
15, Jan 2023 , 8:59 pm        
រូបភាព
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
ដោយ៖ ឆាត សាលឿម (យុវជនសង្កាត់បន្សាយរាក់)
ក្រុងសំរោង, ឧត្ដរមានជ័យ៖ បច្ចុប្បន្ននៅសង្កាត់បន្សាយរាក់ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ មិនទាន់មានភ្លើងបំភ្លឺផ្លូវនៅឡើយ​។ ពលរដ្ឋមួយចំនួនពិសេសយុវតី បង្ហាញក្ដីកង្វល់របស់ពួកគេ ពេលធ្វើដំណើរនៅពេលយប់​ និងស្នើរឱ្យអាជ្ញាធរសង្កាត់គិតគូររកដំណោះស្រាយចំពោះបញ្ហានេះ។

 
ជុំវិញការគ្មានភ្លើងបំភ្លឺផ្លូវនេះ កន្លងអាជ្ញាធរសង្កាត់បន្សាយរាក់ បញ្ជាក់ប្រាប់យុវជនឃុំបន្សាយរាក់ថា សង្កាត់មិនមានលទ្ធភាពក្នុងការដាក់ភ្លើងបំភ្លឺផ្លូវនៅឡើយ​។ ថ្វីបើគ្មានភ្លើងបំភ្លឺផ្លូវនេះក៏ដោយ ប៉ុន្តែគេមើលឃើញថា បញ្ហាចោរកម្ម, ការរំលោភបំពានផ្លូវភេទ ឬអំពើខុសច្បាប់មួយចំនួន ក៏មិនមែនជាបញ្ហាចោទក្នុងសង្កាត់មួយនេះដែរ។ 
 
សម្រាប់លោក ម៉ែន សំ មេប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់ យល់ឃើញថា ការដែលមានភ្លើងបំភ្លឺផ្លូវ នឹងធ្វើឱ្យសង្កាត់ខ្លួន នឹងក្លាយជាសង្កាត់មានសុវត្ថិភាពពេញលេញ​។ លោកអះអាងដូច្នេះថា៖«ប្រសិនបើរដ្ឋាភិបាលអាចដាក់ភ្លើងបានតាមដងផ្លូវ នេះជាជាសុវត្ថិភាព១០០ភាគរយ។ មានភ្លើងវាល្អសម្រាប់ប្រជាពលរដ្ឋ ហើយក៏ងាយស្រួលសម្រាប់សមត្ថកិច្ចដែរ»។ 
 
ដោយមើលឃើញពីសារៈសំខាន់ នៃការដាក់ភ្លើងបំភ្លឺផ្លូវនេះ កន្លងមកខាងប៉ុស្ដិ៍ក៏ធ្លាប់បានយករឿងនេះ ទៅពិភាក្សាជាមួយអាជ្ញាធរសង្កាត់បន្សាយរាក់ផងដែរ។ បន្ទាប់ពីពិភាក្សារួច សង្កាត់មានភ្លើងបំភ្លឺផ្លូវចំនួន៥ ដែលសម្រាប់ដាក់តែទីតាំងដែលប្រឈមហានិភ័យជាងគេ ជាពិសេសគឺនៅតាមផ្លូវកែង។ ការដាក់នៅតាមផ្លូវកែងនេះ គឺដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ThmeyThmey
  ភ្លើងបំភ្លឺផ្លូវ
  បន្សាយរាក់
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com