ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖សមត្ថកិច្ច​សង្កាត់បន្សាយរាក់ រៀបចំកម្លាំងយាមល្បាតជាប្រចាំ ដើម្បីសុវត្ថិភាពពលរដ្ឋ
15, Jan 2023 , 5:29 pm        
រូបភាព
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
ដោយ៖ ឆាត សាលឿម (យុវជនសង្កាត់បន្សាយរាក់)
ក្រុងសំរោង, ឧត្ដរមានជ័យ៖ យ៉ាងហោចណាស់ក្នុងមួយខែៗ អាជ្ញាធរមានសមត្ថកិច្ចសង្កាត់បន្សាយរាក់ រៀបចំកម្លាំងចុះល្បាតយប់ ប្រមាណជា៤ ទៅ ១០ដង និងតាមស្ថានភាពជាក់ស្ដែង។ នេះបើតាម លោក ម៉ែន សំ មេប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់ ក្រុងសំរោង។

លោកបញ្ជាក់ទៀតថា ការយាមល្បាតនៅពេលយប់ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង ១១ ឬហួសទៅម៉ោង ១២យប់។ ម្ដងម្កាលក៏អាចដល់យប់ជ្រៅជាងនេះ ទៅស្ថានភាពជាក់ស្ដែង ដែលកើតមាន ឬពេលពលរដ្ឋមានបញ្ហា ត្រូវការកម្លាំងសមត្ថកិច្ច ដោះស្រាយ។ 
 
ការយាមល្បាតនេះ គឺយាមល្បាត ទៅតាមតំបន់ ឬទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់។ លោក ម៉ែន សំ ពន្យល់៖«ការល្បាតនោះ គឺល្បាតនៅកន្លែងណា ដែល(ពលរដ្ឋ)ងាយរងគ្រោះ ផ្លូវកែង ផ្លូវលំបាក ហើយយើងមានបណ្ដាញរាយការណ៍ព័ត៌មានរបស់យើង ដើម្បីសុវត្ថិភាពពលរដ្ឋ ឬសិស្ស»។ 
 
បើតាមសម្ដីលោក ម៉ែន សំ ក្រៅពីម៉ោងយាមល្បាត ពលរដ្ឋ ក៏នៅតែអាចទំនាក់ទំនង ទៅកាន់អាជ្ញាធរបានគ្រប់ពេលវេលា​ដែរ នៅពេលពលរដ្ឋជួបបញ្ហា ដែលត្រូវការអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយ ដូចជាគ្រោះអគ្គិភ័យ អំពើហិង្សា ចោរកម្ម ការរំលោភបំពានជាដើម។ ម្យ៉ាងទៀតសមត្ថកិច្ច បានផ្ដល់លេខទំនាក់ទំនង ដល់ពលរដ្ឋគ្រប់ខ្នងផ្ទះទាំងអស់ ដើម្បីទាក់ទងទៅសមត្ថកិច្ច ពេលមានបញ្ហា។ 
 
លោកបន្ថែមទៀតថា ថ្វីបើមានការយាមល្បាតពីកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារភូមិក៏ដោយ ប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវមានស្មារតីប្រុងប្រយ័ត្ន នឹងកុំធ្វេសប្រហែស ពោលកុំមានគំនិតសុវត្ថិភាពនិយមជ្រុលពេក។ ចំពោះការធ្វើដំណើរពេលយប់របស់ពលរដ្ឋទៀតសោត បើមិនការងារចំបាច់ទេ សូមកុំធ្វើដំណើរនៅពេលយប់ ដើម្បីការពារសុវត្ថិភាព​​៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ThmeyThmey
  កម្លាំងយាមល្បាត
  បន្សាយរាក់
© រក្សាសិទ្ធិដោយ thmeythmey.com