ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ បារម្ភពីសុវត្ថិភាពធ្វើដំណើរពេលយប់ យុវតីឃុំជុំគ្រៀល ស្នើអាជ្ញាធរដាក់ភ្លើងបំភ្លឺផ្លូវបន្ថែម
17, Jan 2023 , 9:59 pm        
រូបភាព
សាលាឃុំជុំគ្រៀល ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
សាលាឃុំជុំគ្រៀល ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
ដោយ៖ សៅ រ័ត្ថា (យុវជនឃុំជុំគ្រៀល)
 
ស្រុកទឹកឈូ, កំពត៖ យុវតីកំពុងសិក្សានៅថ្នាក់វិទ្យាមួយចំនួន រស់នៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ បង្ហាញអារម្មណ៍មិនមានសុវត្ថិភាព និងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ពេលធ្វើដំណើរនៅពេលយប់ ដោយសារក្នុងមូលដ្ឋានខ្លួនមិនមានភ្លើងបំភ្លឹផ្លូវ។

 
កញ្ញា ភួន វិជ្ជរ៉ា ជាសិស្សកំពុងសិក្សាថ្នាក់១១ នៅវិទ្យាល័យមួយកន្លែងក្នុងឃុំជុំគ្រៀល និងជាពលរដ្ឋរស់នៅភូមិជុំគ្រៀល។ ជារៀងរាល់ថ្ងៃយុវតីរូបនេះ ត្រូវចេញពីសាលាមកផ្ទះយ៉ាងយូរម៉ោង៧យប់ ឬ​លើសនេះបន្តិច ព្រោះជាពេលវេលា ដែលនៅតាមដងផ្លូវ នៅមានប្រជាពលរដ្ឋធ្វើដំណើរ ដែល​ធ្វើឱ្យ វិជ្ជរ៉ា មិនសូវបារម្ភខ្លាចប៉ុន្មានឡើយ។
 
 
 យុវតី ភួង វិជ្ជរ៉ា ពលរដ្ឋរស់នៅភូមិឃុំគ្រៀល ឃុំជុំគ្រៀល។ 

ប៉ុន្តែម្ដងម្កាល យុវសិស្សរូបនេះ ត្រូវចូលផ្ទះយប់ជាងនេះ ដែលធ្វើឱ្យនាងព្រួយពីសុវត្ថិភាពនៅពេលធ្វើដំណើរមកផ្ទះវិញ។ កញ្ញានិយាយពីកង្វល់ខ្លួនដូច្នេះ៖ «ជួនកាលមានគ្នា(មិត្តភក្តិ)មក មិនសូវអីទេ។ តែពេលមកតែឯង ខ្លាច មានមនុស្សមានអីមកចាប់។ ខ្លាចគ្រោះថ្នាក់​។ តែបើមានភ្លើងបំភ្លឺផ្លូវអី មិនសូវអី ព្រោះយើងអាចមើលឃើញ ឆ្វេងស្ដាំអីបាន»។ 
 
យុវតីរូបនេះ ចង់ឱ្យអាជ្ញាធរ​គិតគូរ លើការដាក់ភ្លើងបំភ្លឺផ្លូវក្នុងឃុំខ្លួន ដើម្បីបង្កភាព​ងាយស្រួល និងសុវត្ថិភាពធ្វើដំណើរនៅពេលយប់។ សម្រាប់  កញ្ញា ភួន វិជ្ជរ៉ា ការដាក់ភ្លើងបំភ្លឺផ្លូវមិនមែនសម្រាប់តែយុវតី ដែលចេញពីសាលាយប់នោះទេ ប៉ុន្តែវាក៏បានជួយដល់ពលរដ្ឋឯទៀត ពេលមានធុរៈពេលយប់​ដូចជា ត្រូវទៅមន្ទីរពេទ្យជាដើម។ 
 
មិនសុខពីកញ្ញា វិជ្ជរ៉ាឡើយ យុវតីមួយរូបទៀត កញ្ញា ហ៊ំ សារ៉េន រៀនថ្នាក់ទី១០ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀលនេះ ក៏លើកឡើងពីការបារម្ភពីសុវត្ថិភាពរបស់ខ្លួន ពេលធ្វើដំណើរចេញពីសាលាពេលយប់ ដោយសារគ្មានភ្លើងបំភ្លឺផ្លូវនេះដែរ។ ជាធម្មតាយុវតីរូបនេះ ចេញពីរៀនម៉ោង៦ល្ងាច និងម្ដងម្កាល ធ្វើដំណើរពេលយប់ដែរ។  កញ្ញា ហ៊ំ សារ៉េន និយាយដូច្នេះ៖«ពេលត្រូវធ្វើដំណើរពេលយប់ ខ្លាចពួកក្មេងទំនើង ខ្លាចគេចាប់ ខ្លាចចោរ។ ប្រសិនបើមានភ្លើងបំភ្លឺផ្លូវ នឹងកាត់បន្ថយការភ័យខ្លាច»។ យុវសិស្សរូបនេះ​ សំណូមពរឱ្យអាជ្ញាធរ គិតគូរ និងយកចិត្តទុកដាក់បន្ថែមទៀត លើការដាក់ភ្លើងបំភ្លឺផ្លូវ។

ជុំវិញកង្វល់របស់ប្រជាពលរដ្ឋនេះ លោក ហៃ សេង មេឃុំជុំគ្រៀល យល់ស្របថា ការលើកឡើងរបស់ពលរដ្ឋជារឿងត្រឹមត្រូវហើយ ដែលក្នុងឃុំមិនទាន់មានភ្លើងបំភ្លឺផ្លូវ ហើយអាជ្ញាអរក៏កំពុងគិតគូរលើរឿងនេះដែរ។ កាលពីអំឡុងខែតុលាកន្លងលោកអះអាងថា អាជ្ញាធរកំពុង កំពុងទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល​ ពាក់ព័ន្ធនឹងការដាក់ភ្លើងបំភ្លឺផ្លូវនេះ​។
 

លោក ហៃ សេង មេឃុំជុំគ្រៀល ។
 
យ៉ាងណាក៏ដោយ លោកមេឃុំ ក៏ស្នើឱ្យយុវតី និងសិស្សានុសិស្សដែលមានម៉ោងសិក្សាបន្ថែមដល់យប់ ត្រូវ​បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះពេលធ្វើដំណើរត្រឡប់មកផ្ទះ​វិញនៅពេលមេឃងងឹតនោះ៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  ភ្លើងបំភ្លឺផ្លូវ
  ជុំគ្រៀល
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com