កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុនតែងតាំងគ្រូជំនួយជម្រើសជាតិ២រូប ដើម្បីគោលដៅទៅ World Cup 2026 
×![]()
អតីតកីឡាករក្រុមជម្រើសជាតិជប៉ុនលោក Hiroshi Nanami និងលោក Ryoichi Maeda ត្រូវបានតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិជប៉ុន ក្រោមការគ្រប់គ្រងរបស់គ្រូបង្កោលលោក Hajime Moriyasu សម្រាប់គោលដៅទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) នៅថ្ងៃទី១៧ ខែមករា។
បើតាមការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ JFA លោក Nanami វ័យ ៥០ឆ្នាំ ដែលធ្លាប់បានបង្ហាញខ្លួនឱ្យជប៉ុននៅព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ នឹងក្លាយជាគ្រូជំនួយរបស់សាម៉ូរៃ ចំណោមគ្រូជំនួយ២រូប។

រូបភាព៖ JFA
លោក Nanami ក៏ធ្លាប់ជាអ្នកចាត់ការក្រុមនៅក្របខណ្ឌ J-League ដែលមានដូចជាក្លិប Jubilo Iwata និងក្លិប Matsumoto Yamaga ផងដែរ។ ចំណែកលោក Maeda មានវ័យ ៤០ ធ្លាប់ជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន ហើយលោកធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមយុវជនរបស់ក្លិប Jubilo ទៀតផង។
ក្រោយបានប្រកាសពីសមាសភាពគ្រូបង្វឹកដែលមកចូលរួមក្រុមជម្រើសជាតិជប៉ុន ដើម្បីធ្វើការងារជាមួយនឹងលោក Moriyasu ក្នុងគោលដៅឆ្ពោះទៅ World Cup 2026 ដែលអាម៉េរិក កាណាដា និងម៉ិកស៊ិកធ្វើម្ចាស់ផ្ទះរួមគ្នា នាយកផ្នែកបច្ចេកទេសរបស់ JFA លោក Yasuharu Sorimachi រំពឹងទទួលបានបទពិសោធន៍បន្ថែមពីគ្រូបង្វឹកថ្មីទាំងពីរសម្រាប់អនាគតក្រុមជប៉ុន។
រូបភាព៖ JFA
«Nanami មានបទពិសោធន៍ជាច្រើនក្នុងដៃ ហើយយើងមានក្តីរំពឹងពីរូបគាត់ថានឹងទទួលបានផលប្រយោជន៍ខ្លាំងបន្ថែមសម្រាប់អនាគតក្រុមជម្រើសជាតិជប៉ុន។ លោក Maeda នឹងអាចផ្តល់បានគ្រប់យ៉ាងនូវទស្សនៈស្រដៀងគ្នាទៅកាន់កីឡាករ។»។ នេះបើតាមការលើកឡើងរបស់លោក Sorimachi។
កាលពីព្រឹត្តិការណ៍ World Cup 2022 នៅកាតា ក្រុមជម្រើសជាតិជប៉ុនបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពួកគេបានប្រកួតដោយយកឈ្នះក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ និងអេស្ប៉ាញនៅនៅវគ្គចែកពូល នឹងឈានដល់វគ្គ ១៦ក្រុមលើកទី៤ ក្នុងប្រវត្តិសាស្ត្រ។ នៅវគ្គ ១៦ក្រុមជប៉ុនរងបរាជ័យក្រោមថ្វីជើងក្រូអាស៊ី នៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣-១ ក្រោយប្រកួតរយៈពេល ១២០នាទីស្មើ ១-១៕

រូបភាព៖ JFA

រូបភាព៖ JFA
Tag:
Japan
World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com