FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កសិករអាហ្សង់ទីនម្នាក់ដាំពោតក្នុងទំហំដី១២៤ហិកតា ចេញជាមុខ Messi
20, Jan 2023 , 8:39 am        
រូបភាព
កសិករអាហ្សង់ទីនម្នាក់បានដាំពោតក្នុងចម្ការក្នុងទំហំដីប្រមាណ ១២៤ហិកតា ចេញជាផ្ទៃមុខរបស់ Lionel Messi។ ទោះក្នុងផ្ទៃដីធំ តែគេអាចមើលឃើញរូប Messi ច្បាស់ពីលើអាកាស។ កសិករដាំពោតជាពិសេសនេះ ដើម្បីអបអរ Messi ដែលរួមចំណែកសំខាន់ក្នុងការជួយអាហ្សង់ទីនឈ្នះ FIFA World Cup 2022 នៅកាតា។



ចម្ការពោតដែលបានដាំដុះចេញជាមុខរបស់ Messi ស្ថិតនៅក្នុងខេត្ត ​Los Cordoba នៃប្រទេសអាហ្សង់ទីន ធ្វើឡើងដោយប្រើក្បួនដោះស្រាយគណិតវិទ្យាដើម្បីកំណត់ទីតាំងដើម្បីដាំដើមពោតនេះ។ ការធ្វើបែបនេះ ដើម្បីឱ្យបានត្រឹមត្រូវដូចទៅនឹងមុខរបស់តារាឆ្នើមរបស់អាហ្សង់ទីន។ 
  


លទ្ធផលចុងក្រោយនៃការដាំដុះនេះគឺជារូបដ៏ធំសម្បើមរបស់ Messi ជាមួយរោមពុកមាត់ដ៏ច្រើន ដែលមើលពីលើអាកាសទៅឃើញយ៉ាងអស្ចារ្យនៃបច្ចេកទេសដាំដុះដ៏ល្អមួយនេះ។ រូបភាពនៃផ្ទៃមុខរបស់ Messi ខ្សែប្រយុទ្ធ PSG ដែលកសិករអាហ្សង់ទីនសាងឡើង ដើម្បីបង្ហាញការគោរពទៅកាន់វីរបុរសអាហ្សង់ទីនរូបនេះ បន្ទាប់ពីរូបគេបានជួយក្រុមអាហ្សង់ទីនឈ្នះ World Cup លើដំបូងក្នុងរយៈពេល ៣៦ឆ្នាំ។
 
បើតាមការលើកឡើងរបស់លោក Maximiliano Spinazze ដែលជាកសិករដាំដុះដើមពោតចេញជាមុខ ​Messi និយាយថាការដាំដុះនេះ ជាការអបអរដល់ជ័យជម្នះក្រុមអាហ្សង់ទីនក្រោយរង់ចាំពានរង្វាន់នេះអស់រយៈពេល ៣៦ឆ្នាំចាប់តាំងពីឈ្នះលើកចុងក្រោយកាលជំនាន់លោក Diego Maradona ក្នុងឆ្នាំ ១៩៨៦។


 
«សម្រាប់ខ្ញុំ Messi គឺគ្មានអ្វីមកបំបាក់បានឡើយ ហើយពេលនេះពួកគេជាក្រុមជើងឯកពិភពលោក ខ្ញុំពិតជារីករាយដែលបានចូលរួមចំណែកអបអរដោយការដាំដុះដំណាំពោតនេះ។ […] ចំពោះការដាំនេះវិញខ្ញុំមានគំនិតក្នុងការបង្កើតលេខកូដដើម្បីធ្វើជាទីតាំងក្នុងការសាបព្រោះគ្រាប់ដំណាំដើម្បីឱ្យត្រូវតាមទម្រង់មុខ Messi។»។ លោក Spinazze បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
រឿងរ៉ាវដ៏ពិសេសជានេះទៅទៀត​ អាហ្សងង់ប្រទេសក្នុងទ្វីបអាម៉េរិកខាងត្បូងដែលស្រលាញ់បាល់ទាត់ខ្លាំងបំផុត ជាប្រទេសដែលផលិតកសិកម្មដំណាំពោតនេះដ៏សំខាន់ ហើយជាប្រទេសដែលនាំចេញកសិផលពោតធំជាងគេទីបីនៅលើពិភពលោកផងដែរ។ 
 
យ៉ាងណាមិញការដាំដុះដែលបង្ហាញចេញជាទម្រង់មុខរបស់តារាបាល់ទាត់វ័យ ៣៥ឆ្នាំ មិនមែនជារឿងដំបូងទេដែលអ្នកគាំទ្របានធ្វើបែបនេះ ដើម្បីបង្ហាញក្តីស្រលាញ់និងការគោរពចំពោះ Messi។ អ្នកគាំទ្រច្រើនផ្សេងទៀតបានបង្ហាញការគោរពដោយបានកាត់សក់ជារូបមុខ Messi និងខ្លះទៀតស្រលាញ់រហូតសាក់រូបរបស់ Messi នៅលើរូបរាងកាយរបស់ពួកគេជាពិសេសអ្នកខ្លះបានសាក់នៅផ្ទៃមុខតែម្តង៕
 


Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com