ជាតិ
«ជិះទូក​ទស្សនាសត្វស្លាបទឹក» ជាសេវាកម្មទេសចរណ៍ពេញនិយមនៅតំបន់ការពារទេសភាពបឹង​ព្រែក​ល្ពៅ
21, Jan 2023 , 8:29 am        
រូបភាព
ភ្នំពេញ៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាទីជម្រក និងជាកន្លែងដែលពពួកសត្វស្លាបរាប់សិបក្បាល តែងមកស្វែងរកចំណី។ ជាមួយគ្នានេះ​ ទេសចរក៏អាចទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទ​ តាមរយៈសេវាកម្មជួលទូកទេសចរណ៍ផងដែរ។ ទស្សនីយភាពបែបធម្មជាតិ​នេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តពពួកសត្វស្លាប។



តំបន់ការពារទេសភាព​បឹងព្រែក​ល្ពៅ ជាទី​ការពារ​សត្វ​ស្លាប​ទឹក​មួយកន្លែង ស្ថិត​ក្នុងស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសារ នៃ​ខេត្តតាកែវ​។ សត្វក្រៀល ទាព្រៃក្បាលឆ្នូតស រនាលពណ៌ រអាតទន្សាយ និងហ្វូងសត្វស្លាបជាច្រើនប្រភេទទៀត តែងមានវត្តមានកកកុញនៅតាមមែកឈើ ហើរលើវេហាដើម្បីរកខ្ចៅ ខ្យង និងមើមថ្លុងជាអាហារ។ បើតាមលោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និងជាអ្នកថតរូបសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ សត្វស្លាបភាគច្រើនបង្ហាញខ្លួន និងអាចទៅទស្សនានៅ​រៀងរាល់ពាក់កណ្តាលខែធ្នូ រហូតដល់ខែកុម្ភៈ។
  
លោក  ឈឿន សុជាតិ ជាមន្រ្តីឧទ្យានុរក្ស នាំទេសចរទៅទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ រូបភាព៖ លោក ឈឿន សុជាតិ។
 
ភ្ញៀវទេសចរមកជាហូរហែ ភាគច្រើនជាភ្ញៀវជាតិ តែងជួលសេវាកម្ម​ទូក​សម្រាប់​គយ​គន់​មើល​សត្វ​ស្លាប​ ដោយ​មាន​មគ្គុទ្ទេសក៍ ចាំ​ប្រាប់​ពី​លក្ខណៈ​របស់​សត្វ​ស្លាប​នីមួយៗ។ ចំពោះ​សេវាកម្ម​ទូ​ក​ទេសចរណ៍​ ត្រូវ​ចំណាយ​ថវិកា​ចំនួន​ ១៥ម៉ឺនរៀល​ក្នុង​មួយទូក។

 «ឆ្នាំនេះ ទេសចរនៅបឹងព្រែកល្ពៅមានការកើនជាងឆ្នាំមុន។ ដោយសារ ខាងក្រសួង និងសមាគមដែលពាក់ព័ន្ធ រួមទាំងខ្ញុំផ្ទាល់បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវជាតិ» ។ នេះជាសម្តីរបស់លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។


  ទេសចរជិះទូកដើម្បីទស្សនាសត្វស្លាប។ រូបភាព៖ លោក ឈឿន សុជាតិ

មន្រ្តីឧទ្យានុរក្សវ័យ២៧ឆ្នាំរូបនេះ បន្តថា កាលពីឆ្នាំមុនៗគឺមានតែភ្ញៀវបរទេសប៉ុណ្ណោះដែលចាប់អារម្មណ៍ ទស្សនាសត្វស្លាបនេះ។ ជាពិសេស វត្តមានរបស់ភ្ញៀវទេសចរ គឺជាចំណែកមួយនៅក្នុងការអភិរក្ស ព្រោះពួកគាត់អាចជួយផ្សព្វផ្សាយពីការការពារសត្វស្លាប និងធនធានធម្មជាតិផងដែរ។ ទន្ទឹមនឹងនោះ លោក រំពឹងថាទៅថ្ងៃខាងមុខចំនួនទេសចរ នឹងរឹតតែកើនឡើងបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការគាំទ្រសេវាកម្មទេសចរណ៍នៅតំបន់នេះ។
 
គួរបញ្ជាក់​ថា បច្ចុប្បន្ននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វក្រៀ​លប្រមាណ ៥០ក្បាល ព្រមទាំង​ប្រភេទ​សត្វ​ស្លាប​ព្រៃ​រាប់ម៉ឺន​ក្បាល និង​សត្វ​ស្លាប​ជាង ៧០​ប្រភេទ​កំពុង​រស់នៅ ហើយ​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ​មួយ​នេះ ជា​ប្រភព​ចំណី ជម្រក​ដ៏​មាន​សុវត្ថិភាព សម្រាប់​សត្វ​ស្លាប​ទឹក​ពង​ និង​បន្ត​ពូជ​៕
 

Tag:
 ThmeyThmey
 ​ បឹងព្រែកល្ពៅ
 ​ សត្វស្លាបទឹក
 ​ ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com