ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ​ទទូចសុំឱ្យ​ទេសចរទុកដាក់​សំរាម​ឱ្យបានត្រឹមត្រូវ
22, Jan 2023 , 2:30 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុក ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ៕
រូបភាពពី ហ្វេសប៊ុក ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ៕
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអំពាវនាវដោយទទូច ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅតាមតំបន់ឆ្នេរនិងរមណីយដ្ឋាននានា​ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ។ ការអំពាវនាវដូច្នេះ ព្រោះអាជ្ញាធរសង្កេតឃើញថា ភ្ញៀវទេសចរ​មួយចំនួន នៅតែ​បោះចោល​សំរាម និង​កាកសំណល់​ផ្សេងៗដូចជាសំបក​កំប៉ុង​ភេសជ្ជៈ​, កំប៉ុង​ត្រីខ​,​កញ្ចប់​នំ​-​ស្ករ​គ្រាប់ និង​ប្លា​ស្ទិ​ក​ជាដើម​ នៅ​តំបន់​ទេសចរណ៍​ដែល​ខ្លួន​បាន​ទៅកម្សាន្ត។

 
លោក ឡុង ឌីម៉ង់ ​លើកឡើង​បែបនេះ​៖ «​អ្វីដែល​ខ្ញុំ​តាមដាន​ពី​បញ្ហា​សំរាម ខ្ញុំ​ឃើញថាទេសចរមួយចំនួនតូច នៅតែបន្តសកម្មភាពចោលសំរាមតាមសាធារណៈ​ និងមិនខ្វល់ពីកាកសំណល់ដែលខ្លួនបានចោល ដែលបង្កឱ្យតំបន់ឆ្នេរធ្លាក់សម្រស់។ សំរាម​ច្រើន និងនៅតែមាន គឺ​កើតចេញពី​ពលរដ្ឋ​ ដែល​ទៅ​កម្សាន្ត​ហើយ​បន្សល់ទុក​សំរាម​នៅ​ទីនោះ​»​។​


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។

សម្រាប់អភិបាលរងខេត្តព្រះសីហនុដដែល ការចោលសំរាមនៅតាមទីសាធារណៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរ និងទីក្រុងនោះទេ ប៉ុន្តែសំរាមទាំងនោះក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពសាធារណៈ ​បំពុលដល់បរិស្ថាន និងជីវចម្រុះដែល​រស់នៅក្នុងសមុទ្រ​ដែរ។
 
លោក ឡុង ឌីម៉ង់ រំពឹងថា ការចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវរបស់ភ្ញៀវទេសចរ នឹងរួមចំណែកដល់កំណើនទេសចរទៅកម្សាន្តនៅខេត្ត​ព្រះសីហនុ ទាំងនៅក្នុងអំឡុងពេល​ឈប់សម្រាកបុណ្យចូលឆ្នាំចិន-វៀតណាមនេះ និងឱកាសឈប់សម្រាកផ្សេងៗទៀត​ ខណៈខេត្តនេះមាន​សក្តានុពល​ទេសចរ​ណ៍សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្អាត ក៏ដូចជា​ការពង្រឹង​សន្តិសុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​​៕

Tag:
 ThmeyThmey25
  សំរាម
  ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com