ជាតិ
ចូលឆ្នាំចិន៖ តំបន់ការពារទេសភាពចំនួន២ គ្មានទេសចរទៅកម្សាន្ត
23, Jan 2023 , 1:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅខេត្តតាកែវ  និងតំបន់ការពារទេសភាពអន្លង់ព្រីង នៅខេត្តកំពត គ្មានទេសចរទៅកម្សាន្តនោះទេ នាឱកាសចូលឆ្នាំចិន។  តំបន់ការពារទេសភាពទាំង២នោះ មានសត្វចាបព្រៃវែង និងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ ។



តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាជម្រកសត្វស្លាប់រាប់ម៉ឺនក្បាលគួរជាទីគយគន់បំផុត ក្នុងខេត្តតាកែវ។ សម្រាប់ថ្ងៃចូលឆ្នាំចិន តំបន់ការពារទេសភាពបឹងព្រែកល្ពៅមួយនេះ មិនទទួលបានទេសចរទៅកម្សាន្តនោះទេ ដោយសារតែទឹកស្រក ធ្វើឱ្យសត្វមិនសូវបង្ហាញខ្លួនឱ្យទេសចរទស្សនា។ នេះបើតាមលោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
 
បើតាមលោក ឈឿន សុជាតិ បច្ចុប្បន្ននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វក្រៀ​ល ដែលជិតផុយពូជ ប្រមាណ ១០ក្បាល។ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បញ្ជាក់ថា៖ «កាលពីឆ្នាំមុនៗគឺមានភ្ញៀវទេសចរកក់កន្លែងដែរ ដើម្បីទស្សនាសត្វនៅតំបន់ការពារទេសភាពបឹងព្រៃកល្ពៅ ។ ឆ្នាំនេះ ទេសចរមិនមកកម្សាន្តនៅបឹងព្រៃកល្ពៅសូម្បីមួយនាក់ ហើយក៏គ្មានទេសចរកក់កន្លែងដែរ»។
 
តំបន់​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ​មួយ​នេះ ជា​ទីជម្រក​ដ៏​មាន​សុវត្ថិភាព សម្រាប់​សត្វ​ស្លាប​​ពង​ និង​បន្ត​ពូជ​។ 
ដោយឡែកតំបន់ការពារទេសភាពអន្លង់ព្រីង នាថ្ងៃចូលឆ្នាំចិននេះ ក៏មិនទទួលបានទេសចរមកកម្សាន្តផងដែរ។ ប៉ុន្តែបើតាមអ្នកស្រី សាយ អាន់ តំបន់នេះ នឹងមានភ្ញៀវកក់កន្លែងកម្សាន្ត នៅខែក្រោយ។
 
គណៈកម្មការគណនីយសហគមន៍ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពតរូបនេះ បានលើកឡើងថា៖ «ទេសចរបានកក់កន្លែងស្នាក់ និងការដំណើរទស្សនា សត្វក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងផងដែរ នៅចន្លោះខែកុម្ភៈ ទើបទទួលបានទេសចរមកកម្សាន្តច្រើន»។
 
តំបន់ការពារទេសភាព​អន្លង់​ព្រីង ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែលមាន​ទំហំ​២១៧​ហិកតា៕
 

Tag:
 ThmeyThmey25
 ទេសចរណ៍
  បឹងព្រៃកល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com