ជាតិ
ទេសចរនៅភ្នំខ្នងផ្សារ ថយចុះប្រមាណ៨០ភាគរយ
24, Jan 2023 , 9:59 am        
រូបភាព
ដោយ៖ សែម ព្រាក់ដាវ

ភ្នំពេញ៖ ចូលឆ្នាំចិន នៃឆ្នាំ២០២៣ ភ្នំខ្នងផ្សារ មានទេសចរទៅកម្សាន្តជាង ១០នាក់ប៉ុណ្ណោះ។ ភ្ញៀវថយចុះជាង៨០ភាគរយទៅវិញ បើធៀបទៅនឹងឆ្នាំ២០២២ ដែលទទួលបានទេសចរជាង ៨០នាក់។

 
ការដើរកម្សាន្តរបស់ភ្ញៀវទេសចរ ទៅកាន់ភ្នំខ្នងផ្សា បានធ្វើឱ្យប្រជាជនក្នុងតំបន់នោះអាច ទទួលបានប្រាក់ចំណូលបន្ថែម ។ ជាពិសេស វត្តមានភ្ញៀវទេសចរ បានធ្វើឱ្យប្រជាជននៅទីនោះ ប្ដូរពីការចូលព្រៃកាប់ឈើ មករកចំណូលពីការនាំភ្ញៀវឡើងភ្នំវិញ។ ប៉ុន្តែទេសចរ បែបជាស្ងាត់ទៅវិញ ក្នុងខែមករាឆ្នាំ២០២៣នេះ។  
 
លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុងនៅខ្នងផ្សារ ប្រាប់ ThmeyThmey25 ដូច្នេះ៖ «ខ្ញុំបារម្ភថា សហគមន៍ នឹងបាត់បង់ចំណូលពីការងារទេសចរណ៍ និងបាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព បើលែងមានភ្ញៀវមកម្សាន្តអ៊ីចឹង»។
 
ថ្ងៃឈប់សម្រាក និងចុងក្រោយ ក៏ស្ទើតែគ្មានភ្ញៀវមកកម្សាន្តផងដែរ។ «ភ្ញៀវទេសចរមួយរយៈចុងក្រោយនេះធ្លាក់ចុះ តែយ៉ាងណា យើងទទួលបានចំណូលខ្លះដែរ តាមរយៈភ្ញៀវជួលគោយន្ត ជួលមគ្គទ្ទេសក៍ទេសចរ និងប្រជាជនគាត់លក់ដូរ»។ លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុងខ្នងផ្សារ ថ្លែងដូច្នេះ។ 
 
យ៉ាងណាមិញ ភ្ញៀវទេសចរ ដើរកម្សាន្តនាឱកាសឈប់សម្រាកថ្ងៃចូនឆ្នាំចិននៅខ្នងផ្សានេះមិនបានបង្កបញ្ហាបរិស្ថាននោះទេ។ លោក ហ៊ុន សៅ បញ្ជាក់ថា ភ្ញៀវទេសចរមានការយល់ដឹងពីការគ្រប់គ្រងសំរាមរបស់ពួកគេ។
 
សូមបញ្ជាក់ថា «ខ្នងផ្សា» មានសន្ទុះភ្ញៀវទេសចរសម្រុកទៅកម្សាន្ត នាអំឡុងខែឧសភា ដល់ខែកក្កដា ដោយសារតែចាប់ផ្ដើមមានទឹក ស្មៅចាប់ផ្ដើមលាស់មកវិញ និងធម្មជាតិ ប្រែស្រស់បំព្រង។ ភ្ញៀវទេសចរឡើងភ្នំច្រើន ដោយសារសម្រស់ធម្មជាតិពណ៌បៃតង និងភាពល្បីល្បាញរបស់ខ្នងផ្សារ៕
 

Tag:
 ThmeyThmey25
 ទេសចរ
 ភ្នំខ្នងផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com