ជាតិ
លោក គួច ចំរើន ដាក់គោលដៅធ្វើឱ្យ«ព្រៃកោងកាងតាសុខ គ្មានថង់ប្លាស្ទិក គ្មានការបំពុលបរិស្ថាន» រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ៕
×
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ បានដាក់គោលការណ៍បរិស្ថានគ្មានថង់ប្លាស្ទិកក្នុងសមាគមទេសចរណ៍ព្រៃកោងកាងតាសុខ ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ការដាក់ចេញគោលការណ៍នេះ ដើម្បីលើកកម្ពស់ ក្នុងការទប់ស្កាត់ផលប៉ះពាល់ដល់ការបំពុលបរិស្ថានដែលកើនឡើងពីថង់ប្លាស្ទិក និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។
ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថា ជាតំបន់មួយដែលទាក់ទាញភ្ញៀវទេសចរ តាមរយៈតំបន់ឆ្នេរសមុទ្រ,អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជាច្រើនទៀត។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងតំបន់ព្រៃកោងកាង នឹងមិនឱ្យមានការបំពុលបរិស្ថានដោយថង់ប្លាស្ទិកឡើយ។ ជាមួយគ្នានេះ តំបន់ទេសចរណ៍ខេត្តព្រះសីហនុ មានលក្ខណៈពិសេស និងភាពទាក់ទាញផ្សេងៗដោយឡែកពីគ្នា។ ប៉ុន្តែបរិស្ថានគ្មានថង់ប្លាស្ទិកនៅតាមព្រៃកោងកាង គឺជាលក្ខណៈសម្បត្តិរួមមួយ ដែលជួយបង្កើនភាពទាក់ទាញថែមមួយកម្រិតទៀតផងដែរ។
តំបន់អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ មានផ្ទៃដីទំហំប្រមាណ ២០ហិកតា ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ព្រៃនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតងនៅខេត្តព្រះសីហនុ និងអាចបង្កើនការងារដល់ពលរដ្ឋតំបន់កោះឱ្យមានការងារធ្វើកាន់តែច្រើន។
អភិបាលខេត្តព្រះសីហនុរូបនេះ នឹងបន្តពង្រឹងព្រៃកោងកាង ជាព្រៃឈើគ្មានការបំពុលបរិស្ថានក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យខេត្តព្រះសីហនុ ក្លាយជាគោលដៅទេសចរណ៍ស្អាត គ្មានថង់ប្លាស្ទិក មានសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់តំបន់ទេសចរណ៍ ក៏ដូចជាដើម្បីទាក់ទាញទេសចរកាន់តែច្រើន។
លោក គួច ចំរើន ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋយកចិត្តទុកដាក់ថែរក្សា និងអភិរក្សព្រៃឈើឱ្យគង់វង្ស ព្រោះព្រៃឈើទាំងអស់នេះ អាចរកចំណូលសម្រាប់ប្រជាពលរដ្ឋតំបន់ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តក្នុងខេត្តព្រះសីហនុ៕
Tag:
ThmeyThmey25
ទេសចរណ៍
ព្រៃកោងកាងតាសុខ
អភិបាលខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com