កីឡាអន្តរជាតិ
អន្តរជាតិ
លោក Koeman វិលចូលដឹកនាំក្រុមហូឡង់ ដោយប្តូរទៅទម្រង់ដើមវិញ
24, Jan 2023 , 10:30 pm        
រូបភាព
លោក Ronald Koeman គ្រូបង្វឹកថ្មីក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់ នៅថ្ងៃទី២៣ ខែមករា បាននិយាយថានឹងនាំក្រុមរហស្សនាមទឹកក្រូច ដោយប្រើទម្រង់ចាស់បុរាណដែលក្រុមធ្លាប់ប្រើពីមុនវិញ។ នេះមានន័យថាលោក Koeman នឹងរកែទម្រង់របស់លោក ​Lous Van Gaal ដែលទើបបានចុះចេញពីតំណែង។


 
លោក Koeman ត្រូវបានក្រុមជម្រើសជាតិហូឡង់ចាត់ទុកជាបេក្ខភាពក្នុងការដឹកនាំបន្តពីលោក Van Gaal រួចមកហើយកាលពីឆ្នាំកន្លងទៅ ប៉ុន្តែលោកទើបតែត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនាថ្ងៃទី២៣ ខែមករា នេះ។ 
 
ក្រោយការប្រកាសកាន់តំណែងផ្លូវការ គ្រូបង្វឹកដែលហៀបនឹងឈានចូលវ័យ ៦០ឆ្នាំ បាននិយាយថាលោក នឹងប្រើយុទ្ធសាស្ត្រក្រុមដូចកាលពីមុនដោយលេងមានខ្សែការពារ ៤រូបជាគោលដ៏សំខាន់ ជាជាងលេងដោយប្រើខ្សែការពារ ៣នាក់ និងខ្សែការពារស្លាប ២នាក់ដូចដែលលោក Van Gaal ប្រើរយៈពេលជាង​ ១៨ខែមកនេះ។
 
កាលពីលោក Van Gaal នៅដឹកនាំរហូតដល់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ក្រុមរហ័សនាមអធិរាជពណ៍ទឹកក្រូចមួយនេះ បានបោះបង់ទម្រង់លេង ៤-៣-៣ ដែលជាទម្រង់មានសមត្ថភាពប្រយុទ្ធកាន់តែខ្លាំងលើគូប្រកួត ហើយក៏នឹងអាចវាយបកបានយ៉ាងច្រើនក្នុងការប្រកួត។ កាលនោះលោក Van Gaal បានអះអាងថាមានតែប្រើទម្រង់លេង ៣-៥-២ ទើបក្រុមអាចនឹងក្លាយជាជើងឯកពិភពលោកបាន ប៉ុន្តែលោក Koeman បានបង្ហាញការយល់ខុសពីរឿងនេះ។
 
«តាមការគ្រោងទុក យើងនឹងវិលត្រលប់ទៅប្រើប្រាស់ប្រព័ន្ធលេងចាស់ ដែលយើងធ្លាប់ប្រើពីមុនមក។ ខ្ញុំនឹងផ្លាស់ប្តូរប្រព័ន្ធនៅពេលណាដែលចាំបាច់ ប៉ុន្តែយើងនឹងធ្វើតាមគ្រោងទម្រង់ចាស់ជាមួយខ្សែការពារ ៤រូប។»។ អតីតគ្រូបង្វឹក Barcelona បាននិយាយបែបនេះ។
 
ទម្រង់លេងចាស់ដែលលោក Koeman នឹងប្រើប្រាស់នាពេលដែលលោកមកដឹកនាំវិញនេះគឺ ៤-៣-៣ ដូចនឹងកាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ដែលជាទម្រង់អាចប្រែប្រួលទៅតាមសណ្ឋានការប្រកួតដោយអាចប្រែក្លាយជាទៅប្រព័ន្ធការពារ ៤-៥-១។ លើសពីនេះការវាយសម្រុកគ្របដណ្តប់ពីសងខាងខ្សែការពារស្លាបទាំងពីរទៅកាន់តំបន់ប្រយុទ្ធជាចំនុចសំខាន់របស់ក្រុមក្រោមការដឹកនាំរបស់ លោក Koeman។ ទម្រង់នេះ លោក Koeman បានប្រើប្រាស់អំឡុងនៅដឹកនាំ Barcelona។
 
ក្រុមជម្រើសជាតិហូឡង់ត្រូវបានក្រុមម្ចាស់ជើងឯក World Cup អាហ្សង់ទីនទម្លាក់ចេញត្រឹមវគ្គ ៨ក្រុមចុងក្រោយកាលពីខែធ្នូ ឆ្នាំ ២០២២ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-៣ ក្រោយការប្រកួតលទ្ធផលស្មើ ២-២។ នាការប្រកួតនោះអាហ្សង់ទីនបើកការនាំមុខ ២គ្រាប់មុនលើហូឡង់បន្ទាប់មកហូឡង់បានរកគ្រាប់បាល់តាមស្មើដោយភាគច្រើនជាបាល់កើតចេញពីការទាត់បាល់ពិន័យ Free kick ឬក៏ជាការលេងបាល់បច្ចេកទេស Set-Piece ជាដើម។
 
មិនត្រឹមតែទាក់ទងនឹងទម្រង់លេងប៉ុណ្ណោះទេលោក Koeman ក៏បានដាក់គោលដៅថានឹងប្រជែងពានរង្វាន់ណាមួយឱ្យបាន ដោយចាប់ផ្តើមដំបូងគឺជាមួយពានរង្វាន់ UEFA Nations League ក្នុងខែមិថុនាខាងមុខនេះ។ 
 
ហូឡង់ ជាប្រទេសដែលធ្វើជាម្ចាស់ផ្ទះវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់ Nations League ដោយក្នុងនោះរូបមានក្រុម ៣ផ្សេងទៀតដូចជា ក្រូអាស៊ី អ៊ីតាលី និងអេស្ប៉ាញ។
ហូឡង់នឹងត្រូវប្រកួតជម្រុះក្នុងពូលនៃពានរង្វាន់ UEFA Euro 2024 ទល់នឹងបារាំងក្នុងទីក្រុងប៉ារីសនៅថ្ងៃទី២៤ ខែមីនាជាមុនសិន៕
 
 
 

Tag:
 Ronald Koeman
  Netherland
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com