ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អនុវិទ្យាល័យ ពន្លឺវិជ្ជា ខ្វះគ្រូមុខវិជ្ជាគណិត រូប និងគីមីវិទ្យា
×
ដោយ៖ ស៊ឹម ឆាន់ (យុវជនឃុំអណ្តូងទឹក)
ស្រុកបូទុមសាគរ, កោះកុង៖ អនុវិទ្យាល័យពន្លឺវិជ្ជា ដែលស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ មានបុគ្គលិកអប់រំសរុប៩នាក់ ដែលកំពុងផ្តល់ការបង្រៀនដល់សិស្សសរុបពី ថ្នាក់ទី៧ ដល់ទី៩ ជាង១០០នាក់ នាឆ្នាំសិក្សា២០២១-២០២២។ ដ្បិតមានចំនួនបុគ្គលិកអប់រំ គ្រប់គ្រាន់ល្មម ប៉ុន្តែសាលា នៅមានកង្វះខាត គ្រូមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រដូចជា គ្រូគណិតវិទ្យា , រូបវិទ្យា និងគីមីវិទ្យា។ លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា បានបញ្ជាក់ឱ្យដឹងដូច្នេះ។
មិនមានគ្រូមុខវិជ្ជា ផ្តល់ការបង្ហាត់បង្រៀនសិស្សមែន ប៉ុន្តែលោក ម៉ែន ចាន់ បានសង្កេតឃើញថា សិស្សានុសិស្សខ្លួនដែលបានទៅបន្តការសិក្សានៅវិទ្យាល័យជាមួយសិស្សមកពីដទៃក្នុងទីប្រជុំជន គឺមានសមត្ថភាពខ្ពស់មិនចាញ់គេប៉ុន្មានឡើយ។ «ខ្វះគ្រូជំនាញហ្នឹង វាពិបាក គឺពិបាកហើយ។ ប៉ុន្តែបើនិយាយពីកូនសិស្សខ្ញុំ ដែលទៅរៀនដល់(វិទ្យាល័យ) ស្រែអំបិល ទៅរៀនដល់(វិទ្យាល័យ)នៅ(ឃុំ)អណ្តូងទឹក (ស្ថិតក្នុងស្រុកបូទុមសាគរ) អី ដូចថាទៅ(រៀន) ១០នាក់អ៊ីចឹង មិនដែលបានចំណាត់ថ្នាក់លើលលេខ១០ផង។ មិនដែលនៅលេខក្រោយគេ។ មានតែគេសរសើរទៀត»។
បើតាម លោកនាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលាបានទទួលគ្រូជំនាញមកបន្ថែម និងនៅក្នុងឆ្នាំ២០២៦ នឹងទទួលបានបន្ថែមទៀត ដោយយោងទៅលើគរុសិស្សដែលបានជ្រើសរើសសាលាមួយនេះសម្រាប់ការបង្រៀន ក្រោយបញ្ចប់ការសិក្សាគរុកោសល្យ។ លោក ម៉ែន ចាន់ សង្ឃឹមថា នៅពេលដែលមានគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ មកបង្ហាត់សិស្សនៅសាលាខ្លួននៅពេលនេះ គុណភាពសិក្សា និងចំណេះដឹងរបស់សិស្សនៅអនុវិទ្យាល័យពន្លឺវិជ្ជា កាន់តែមានភាពប្រកួតប្រជែងថែមទៀត។
លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា ដែលស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ។
គួរបញ្ជាក់ នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អនុវិទ្យាល័យ ពន្លឺវិជ្ជា មានសិស្សដែលសិក្សា ពីថ្នាក់ទី៧ ដល់ទី៩ សរុប១១៩នាក់ ក្នុងនោះស្រីមាន៦៥នាក់៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
អប់រំ
សៀវភៅ
បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com