ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរឃុំកណ្តោល ប្តេជ្ញាជំរុញការផ្តល់សេវារដ្ឋបាល និងអភិវឌ្ឍន៍ឃុំឱ្យកាន់តែរីកចម្រើន លោក ហ៊ុយ សំណាង មេឃុំនៃរដ្ឋបាលឃុំកណ្តោល។
×
ដោយ៖ ហេ អួញ( យុវជនឃុំកណ្តោល)
ស្រុកបូទុមសាគរ, កោះកុង៖ លោក ហ៊ុយ សំណាង មេឃុំ នៃរដ្ឋបាលឃុំកណ្តោល បានវាយតម្លៃថា ការផ្តល់សេវារដ្ឋបាលនៅឃុំ នៅក្នុងឆ្នាំ២០២២កន្លងទៅ គឺមានភាពល្អប្រសើរ ជាពិសេសគឺពលរដ្ឋមានការពេញចិត្តចំពោះការផ្តល់សេវា។ ការសរសើរពីពលរដ្ឋ បានធ្វើឱ្យលោកមេឃុំកណ្តោល ត្រេកអរ និងកាន់តែខិតខំពង្រឹងការផ្តល់សេវារដ្ឋបាលនេះ ឱ្យបានកាន់តែល្អបន្ថែមទៀតនៅក្នុងអាណត្តិរបស់ខ្លួន។
លោក ហ៊ុយ សំណាង បញ្ជាក់ដូច្នេះ ៖ «តាំងពីប្រកាសសុពលភាព(ចូលបំពេញការងារក្រុមប្រឹក្សាឃុំអាណត្តិថ្មី) គឺយើងបានបម្រើសេវាដល់ប្រជាពលរដ្ឋបានច្រើនដែរ ទាំងអត្រានុកូលដ្ឋាន សំបុត្រកំណើត បញ្ជាក់កំណើត មរណភាព អាពាហ៌ពិពាហ៌ ដែលគាត់មករកសេវានៅរដ្ឋបាល(ឃុំ)ឃើញថាគាត់ពេញចិត្ត។ ដោយសារយើងតាំងចិត្តហើយ ថាខិតខំបម្រើសេវាជូនពួកគាត់ ឱ្យបានទាន់ពេលវេលា»។
ក្រៅពីលើកឡើងពីភាពវិជ្ជមាននៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ លោក ហ៊ុយ សំណាង ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍនៅក្នុងឃុំ ក៏មានលទ្ធផលល្អប្រសើរផងដែរ ក្នុងនោះឃុំ បាន និងកំពុងធ្វើផ្លូវបេតុងប្រវែង ជិត៣០០ម៉ែត្រ និងធ្វើផ្លូវក្រួសប្រវែងប្រមាណ៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសគឺការដឹកជញ្ជូនកសិផល។
សម្រាប់លោក ហ៊ុយ សំណាង លោកពិតជាពេញចិត្តចំពោះសមិទ្ធផលការងារនៅក្នុងឃុំនេះណាស់ ហើយលោក ជាមេឃុំ បានប្តេជ្ញាពន្លឿនការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋខកចិត្តឡើយ ជាពិសេសជំរុញការងារកសាងហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងឃុំ។ «ទោះជារវល់យ៉ាងណាក៏យើងត្រូវធ្វើឱ្យគាត់ មិនឱ្យលើសពី៣ថ្ងៃ។ សំខាន់ គឺគាត់មកថ្ងៃហ្នឹង គឺធ្វើហើយចាំយកតែម្តង។ អត់ឱ្យគាត់មក(ម្តង)ទៀតទេ»។ លោក ហ៊ុយ សំណាង អះអាងដូច្នេះ៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
សេវាសាធារណៈ
ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com