ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ កម្លាំងប៉ុស្តិ៍សង្កាត់សំរោងមានតែ៣នាក់ ជាឧបសគ្គដល់ការល្បាតពេលយប់ លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង ថាកម្លាំងប៉ុស្តិ៍មានតែ៣នាក់ បានសហការជាមួយប្រជាការពារភូមិនីមួយៗដើម្បីល្បាតនៅពេលយប់ និងការពារសុវត្ថិភាពពលរដ្ឋ
×
ដោយ៖ ឈិន សុភារើន(យុវជនសង្កាត់សំរោង)
ក្រុងសំរោង, ឧត្តរមានជ័យ៖ នៅក្នុងសង្កាត់សំរោង មានប្រជាពលរដ្ឋរស់នៅជាង ២ម៉ឺននាក់ ដែលមានភូមិរហូតដល់ ១៨ភូមិ ដែលធ្វើឱ្យកម្លាំងសមត្ថកិច្ចមានការលំបាកក្នុងការចុះល្បាតតាមភូមិនីមួយៗ ព្រោះនៅក្នុងសង្កាត់សំរោងមានសមត្ថកិច្ចតែ៣នាក់ប៉ុណ្ណោះ។ បើតាមលោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង សមត្ថកិច្ច៣នាក់ គឺមិនគ្រប់គ្រាន់ ហើយក៏លំបាកក្នុងការបែងចែកកម្លាំងល្បាតនៅពេលយប់បានពេញលេញនោះទេ។ យ៉ាងណាក៏ដោយ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ ប៉ុស្តិ៍នគរបាល បានសហការជាមួយប្រជាការពារភូមិក្នុងការល្បាតចល័តនៅក្នុងភូមិ។
លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង បានលើកឡើងថា នៅពេលយប់កម្លាំងសមត្ថកិច្ចតែងតែចុះល្បាតចល័ត ជាមួយបញ្ហាការពារភូមិ ក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់តាមទីសាធារណៈ ដែលមានដូចជានៅតាមមាត់បឹង និងទីតាំងផ្សេងៗទៀត នៅក្នុងសង្កាត់សំរោង ។ បើតាមលោកមេប៉ុស្តិ៍ សមត្ថកិច្ច នឹងណែនាំឬឆែកឆេរលើកក្រុមយុវជន ប្រសិនបើសង្កេតឃើញពួកគេប្រមូលផ្ដុំគ្នានៅពេលយប់ ដើម្បីបង្ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀនញៀន។
ស្នាក់ការប៉ុស្តិ៍នគរបាលសំរោង ដែលស្ថិតនៅក្រៅបរិវេណផ្សារសំរោង ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
«និយាយទៅកម្លាំងខ្ញុំតិច ពិបាកធ្វើការ ព្រោះនៅប៉ុស្ដិ៍នីមួយៗតាមស្តង់ដាយ៉ាងតិច៩នាក់ដែរ ទើបគ្រប់គ្រាន់ក្នុងការបម្រើសេវាដល់ពលរដ្ឋ»។ លោក អឿន ពៀត លើកឡើងបែបនេះ ហើយបន្តថា បើមានបទល្មើសអ្វីកើតឡើង គឺត្រូវសុំកម្លាំងមកពីអធិការក្រុង ព្រោះកម្លាំងនៅសង្កាត់សំរោងមិនគ្រប់គ្រាន់នោះទេ។
បើតាមលោក អឿត ពៀត ក្នុងមួយសប្ដាហ៍ សមត្ថកិច្ចចុះល្បាតវិលជុំ ចាប់ពី៣ ទៅ៤ដងឡើង ទៅតាមភូមិគោលដៅនីមួយៗ ដែលសកម្មភាពចុះល្បាតបែបនេះ ក៏ធ្វើឱ្យសកម្មភាពសកម្មភាពល្មើសផ្សេងៗ និងភាពអសកម្មនានា ត្រូវបានកាត់បន្ថយផងដែរ។ យ៉ាងក៏ដោយ លោក អឿន ពៀត នៅតែបន្តអំពាវនាវឱ្យពលរដ្ឋនៅក្នុងសង្កាត់ ចូលរួមសហការឱ្យបានកាន់តែខ្លាំងក្លាថែមទៀតជាមួយសមត្ថកិច្ច ពិសេសរាយការណ៍មកអាជ្ញាធរប្រសិនបើមានករណីសង្ស័យពីការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ចុះល្បាត
ប៉ុស្តិ៍នគរបាល
សុវត្ថិភាព
ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com