ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរ​ឃុំកណ្តោល បានបំពាក់ភ្លើងបំភ្លឺផ្លូវ​ពេលយប់នៅ​ទីតាំងដែល​ងងឹត
31, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ ហេ អួញ( យុវជនឃុំកណ្តោល)

ស្រុកបូទុមសាគរ, កោះកុង៖ អាជ្ញាធរឃុំកណ្តោល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ ដោយបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ នៅតាមទីតាំងដែលងងឹតជាច្រើនបង្គោល។

 
លោក ហ៊ុយ សំណាង មេឃុំនៃឃុំកណ្តោល បញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវ មិនត្រឹមតែបានសម្រួលដល់ការធ្វើដំណើរបស់ពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងចូលរួមបង្កើនឱ្យឃុំ កាន់តែមានសុវត្ថិភាពផងដែរ។ «តាមដងផ្លូវយើងមានហើយ យើងដាក់សូឡា។ តាមផ្លូវក្នុងភូមិក៏យើងដាក់ដែរ។ គ្រាន់តែវាមិនទាន់គ្រប់ផ្ទះទេ។ យើងដាក់កន្លែងដែលងងឹតសិន។​ យើងនឹងកៀងគរការឧបត្ថម្ភពីសប្បុរសជន បន្ថែមទៀត»។ លោក ហ៊ុយ សំណាង បញ្ជាក់យ៉ាងដូច្នេះ។ 
 

 លោក ហ៊ុយ សំណាង មេឃុំកណ្តោល 

ក្រៅពីការដាក់ភ្លើងបំភ្លឺតាមផ្លូវហើយនោះ ​អាជ្ញាធរឃុំ ក៏នៅតែគិតគូរពីសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេល​យប់បន្ថែមទៀតដែរ ដោយសហការជាមួយប៉ុស្តិ៍នគរបាល ក្នុងការល្បាតតាមភូមិ និងប្រចាំការនៅស្នាក់ការប៉ុស្តិ៍នគរបាល​។ កម្លាំងប៉ុស្តិ៍នគរបាល បានដាក់ផែនការល្បាតចល័តទាំងពេលយប់ និងពេលថ្ងៃ ដោយសហការជាមួយប្រជាការពារភូមិ។ ក្រៅពីការល្បាតចល័ត ក៏មានមន្ត្រីប្រចាំការនៅស្នាក់ការប៉ុស្តិ៍ផងដែរ។ លោក ហ៊ុយ សំណាង បន្ថែមថា៖ «យើងមានប៉ុស្តិ៍ប្រចាំ(ការ)២៤ម៉ោង។ បើគាត់ចង់ទៅណាយប់ព្រលប់ បារម្ភសុវត្ថិភាព គាត់អាចមកប៉ុស្តិ៍មក ឬក៏មកឃុំមក សុំឱ្យ(កម្លាំង)ប៉ុស្តិ៍ជូន យើងនឹងឱ្យជូនគាត់ដល់កន្លែង»។ 


ភ្លើងសូឡាបំភ្លឺផ្លូវនៅពេលយប់ ក្នុងភូមិព្រលាន ឃុំកណ្តោល។
 
ក្នុងនាមជាអាជ្ញាធរឃុំ លោក ហ៊ុយ សំណាង មេឃុំកណ្តោល ក៏សំណូមពរឱ្យពលរដ្ឋជួយចូលរួមថែរក្សា ភ្លើងបំភ្លឺផ្លូវនេះ ឱ្យអាចប្រើប្រាស់បានយូរតទៅមុខទៀត និងធានាបាននូវសុវត្ថិភាព នៅពេលធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋទាំងអស់៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 សេវាសាធារណៈ
  ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com