ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ មេប៉ុស្ដិ៍សង្កាត់សំរោង ពន្យល់មូលហេតុដែលធ្វើឱ្យហិង្សាក្នុងគ្រួសារនៅសង្កាត់​​​ថយចុះ ​
31, Jan 2023 , 12:39 pm        
រូបភាព
 មេប៉ុស្ដិ៍សង្កាត់សំរោង លោក អឿន ពៀត ពេលផ្តល់សម្ភាសដល់អ្នកសារព័ត៌មានសហគមន៍ នៃសង្កាត់សំរោង កាលពីចុងខែធ្នូឆ្នាំ២០២២កន្លងទៅ។ ​
មេប៉ុស្ដិ៍សង្កាត់សំរោង លោក អឿន ពៀត ពេលផ្តល់សម្ភាសដល់អ្នកសារព័ត៌មានសហគមន៍ នៃសង្កាត់សំរោង កាលពីចុងខែធ្នូឆ្នាំ២០២២កន្លងទៅ។ ​
ដោយ៖  សំ រស្មី (យុវជនក្រុងសំរោង)
ក្រុងសំរោង, ឧត្តរមានជ័យ៖ អំពើហិង្សាគ្រួសារ នៅសង្កាត់សំរោង ក្នុងឆ្នាំ២០២២ បានកើតឡើងចំនួន ២ករណី ដែលសុទ្ធសឹងតែបណ្ដាលមកពី ការប្រើប្រាស់គ្រឿងស្រវឹង។ បើតាមលោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង ការដោះស្រាយករណីហិង្សានេះ គឺអាជ្ញាធរបាន​បានចុះអន្តរាគមន៍ដោយផ្ទាល់ ដើម្បីជួយសម្របសម្រួលពួកគេ កុំឱ្យបង្កហិង្សាបន្តទៀត។ ប៉ុន្តែបើពួកគេមិនព្រមសម្របសម្រួលគ្នា សមត្ថកិច្ចនឹងហៅទៅរដ្ឋបាលប៉ុស្ដិ៍ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា។ នេះបើតាមលោក អឿន ពៀត។

 
យ៉ាងណាក៏ដោយ លោក អឿន ពៀត សង្កេតឃើញថាការប្រើប្រាស់អំពើហិង្សានៅក្នុងសង្កាត់ ក៏មានការថយចុះ​គួរឱ្យកត់សម្គាល់ ព្រោះការយល់ដឹងរបស់ពលរដ្ឋកើនឡើង។ «ឆ្នាំ២០២២ ពុំសូវមានហិង្សានោះទេ ព្រោះប្រជាពលរដ្ឋនៅក្នុងសង្កាត់មានចំណេះដឹងពីច្បាប់ច្រើនជាងមុន ហើយអាជ្ញាធរមូលដ្ឋាន តែងតែណែនាំជុំវិញករណីហិង្សានេះ។ សមត្ថកិច្ចបានចុះអប់រំជាប្រចាំ រាល់ពេលមានកម្មវិធីនៅក្នុងមូលដ្ឋាន»។ លោកមេប៉ុស្តិ៍សង្កាត់សំរោងលើកឡើងដូច្នេះ។


 
សម្រាប់លោក អឿន ពៀត ​ដើម្បីកាត់បន្ថយហិង្សានៅក្នុងសង្កាត់ គឺទាមទារ​ការចូល​រួមពីមេភូមិ ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារភូមិទាំងអស់ នៅក្នុងការផ្សព្វ​ផ្សាយពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់អំពើហិង្សា ការប្រើប្រាស់គ្រឿងស្រវឹងច្រើនលើសកម្រិត និង​ការប្រើប្រើាសញៀនថ្នាំជាដើម។ លោក អឿន ពៀត បានលើកឡើងបែបនេះ៖ «ពួកខ្ញុំមានតែបន្តអប់រំបន្ថែម មិនឱ្យផឹកស្រាច្រើនរហូតគ្រប់គ្រងសតិខ្លួនឯងមិនបាន វាយប្រពន្ធកូននោះទេ។ តែបើគាត់មិនស្ដាប់តាម ពួកខ្ញុំមានតែអនុវត្តតាមច្បាប់»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ហិង្សា
  សន្តិសុខ
  សុវត្ថិភាព
  ឧត្ដរមានជ័យ
 ​សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com