ជាតិ
សង្គមជាតិ
រដ្ឋាភិបាលកម្ពុជា បន្តអនុគ្រោះពន្ធប្រចាំខែគ្រប់ប្រភេទ នៅសៀមរាប
31, Jan 2023 , 1:59 pm        
រូបភាព
ទិដ្ឋភាពរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១។ រូបភាពដោយ សែម វណ្ណា។
ទិដ្ឋភាពរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១។ រូបភាពដោយ សែម វណ្ណា។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា បានប្រកាសអនុគ្រោះការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី សេចក្ដីណែនាំរបស់រដ្ឋាភិបាល អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ។

 
ការអនុគ្រោះពន្ធនេះ លើកលែងអាករតម្លៃបន្ថែម ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេស​ចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប។ សេចក្តីប្រកាសរបស់រដ្ឋាភិបាល បានបន្ថែមថា «អាជីវកម្មទាំងអស់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលការលើកលែងការបង់ពន្ធនេះ»។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាសម្រេចបន្តផ្ដល់ ការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតពិន័យសម្រាប់ឆ្នាំ២០២៣ លើវិស័យទេសចរណ៍។ 
 
មួយវិញទៀត រដ្ឋាភិបាលបន្តជំរុញអាជីវកម្មកក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញ ដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងអាចស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចំបាច់ផងដែរ។ 
 
យ៉ាងណាមិញ ការដាក់ចេញនូវវិធានការបន្ថែមខាងលើ របស់រដ្ឋាភិបាលនេះ ដោយសារថា ស្ថានភាពសង្គម-សេដ្ឋកិច្ច នៅបន្តរងនូវហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ លើការប្រែប្រួលនិន្នាការតំបន់ និងសកល។
 
វិធានការខាងលើនេះ ក៏ដើម្បីបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាព សង្គម-សេដ្ឋកិច្ច ក៏ដូចជាបន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ។​ ស្របពេលដែល អាជីវកម្មក្នុងគោលដៅទេសចរណ៍ ដូចជារាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មានកំណើនទេសចរណ៍ជាតិ, ធុរជន និងវិនិយោគិន។
 
ដោយឡែកពាក់ព័ន្ធនឹងកំណើនភ្ញៀវទេសចរអន្តរជាតិវិញ រដ្ឋាភិបាលកម្ពុជា លើកឡើងថា អាចនឹងបន្តមានភាពយឺតយ៉ាវ ក្នុងរយៈពេលខ្លី ទៅមធ្យមខាងមុខ។ ដោយសារ ភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលជាសម្ពាធដល់វិស័យទេសចរណ៍ ក្នុងគោលដៅមួយចំនួន ដែលអាស្រ័យភ្ញៀវបរទេស។ 
 
ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងបន្តតាមដាន លើស្ថានភាពនៃវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ជាពិសេសការប្រែប្រួលនិន្នាការតំបន់ និងសកល លើសង្គម-សេដ្ឋកិច្ច និងត្រៀមដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ៕
 

Tag:
 ThmeyThmey
  ទេសចរណ៍
  ពន្ធប្រចាំខែ
  លើកលែងពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com