ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖​​ ពលរដ្ឋឃុំកណ្តោល បារម្ភពីបញ្ហាគ្រឿញៀន និងបានស្នើឱ្យសមត្ថកិច្ចបង្កើន​ការបង្ក្រាប
31, Jan 2023 , 6:59 pm        
រូបភាព
ដោយ៖​ ហេ អួញ  ( យុវជនឃុំកណ្តោល)
 
ស្រុកបូទុមសាគរ, កោះកុង៖ ​បញ្ហាគ្រឿងញៀន នៅតែជាកង្វល់របស់ពលរដ្ឋដែលរស់នៅក្នុងឃុំកណ្តោល។ បើទោះបីរយៈពេល​ចុងក្រោយនេះ មិនឮដំណឹងពីការបង្ក្រាបបទល្មើលគ្រឿងញៀនកើតឡើងនៅក្នុងឃុំក៏ដោយ ក៏ពលរដ្ឋនៅមានអារម្មណ៍អសុវត្ថិភាព និងបានស្នើឱ្យអាជ្ញាធរបង្កើនការល្បាតចល័តនៅពេលយប់ និង​បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនឱ្យបានតឹងរ៉ឹង។

 
អ្នកស្រី ឈឺន  គី  ពលរដ្ឋរស់នៅភូមិធ្នង់ ឃុំកណ្តោល  ស្រុកបូទុមសាគរ ខេត្តកោះកុង សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពប្រមូលផ្តុំរបស់យុវជន នៅក្នុងឃុំខ្លួន នៅតាមទីតាំងស្ងាត់ៗ។ អ្នកស្រី ឈឺន គី ខ្លាចថាពួកគេ ប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយគ្រឿងញៀន ឬប្រព្រឹត្តអំពើល្មើសផ្សេងៗ។ ពលរដ្ឋរូបនេះ មិនចង់ឃើញនៅក្នុងឃុំមានអសុវត្ថិភាព មានចោរកម្ម ដែលបង្កឡើងដោយអ្នកប្រើប្រាស់គ្រឿងញៀននោះទេ។ អ្នកស្រី ឈឺន  គី បន្ថែម៖ «អត់ចង់ឃើញទេ! ចង់ឱ្យគេ(អាជ្ញាធរ)បង្ក្រាប ឱ្យបានតឹងរ៉ឹង កុំឱ្យមានការជួញដូរ(គ្រឿងញៀន)»។
 

 អ្នកស្រី ឈឺន  គី  ពលរដ្ឋរស់នៅភូមិធ្នង់ ឃុំកណ្តោល  ស្រុកបូទុមសាគរ
 
​អ្នកស្រី ឈឺន គី ​បានសំណូមពរ ឱ្យអាជ្ញាធរបង្កើនការល្បាតនៅពេលយប់បន្ថែមទៀតដែរ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ និងទប់ស្កាត់កុំឱ្យមានបទល្មើលកើតឡើង។ «សំណូមពរ(ទៅ)ប៉ុស្តិ៍ ឱ្យជួយល្បាតយប់ឡើង ឱ្យបានញឹកញាប់។ ផ្ទះខ្ញុំជាប់ផ្លូវអ៊ីចឹង ខ្ញុំខ្លាចតែអ្នកញៀនថ្នាំទេ រាល់ថ្ងៃ។ ដេកខ្លាច»។ អ្នកស្រី ឈឺន គី ស្នើយ៉ាងដូច្នេះ។ 
ឆ្លើយតបនឹងកង្វល់នេះ លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល បានបញ្ជាក់ថា  អាជ្ញាធរ បាន និងកំពុងតាមដានករណីសង្ស័យយ៉ាងម៉ត់ចត់ ហើយកម្លាំងប៉ុស្តិ៍នគរបាលក៏បានសហការ ជាមួយប្រជាការពារ ក្នុងការល្បាតចល័ត ទាំងថ្ងៃទាំងយប់ដែរ។ បើតាម មេប៉ុស្តិ៍ស្ដីទី រាល់ការបង្ក្រាបបទល្មើសនីមួយៗ គឺទាមទារឱ្យអាជ្ញាធរក្តាប់បានព័ត៌មានច្បាស់លាស់ ទើបអាចអន្តរាគមន៍បាន។​ 
 
លោក សុខ រចនា ពន្យល់បន្ថែម៖«បទល្មើសគ្រឿងញៀនគឺពិបាកក្នុងការបង្ក្រាប។ សម្រាប់ការបង្ក្រាបគឺទាមទារឱ្យច្បាស់លាស់ បើសិនជាយើងបង្ក្រាបទៅ យើងគ្រាន់តែសង្ស័យ យើងបង្ក្រាបទៅ ស្រាប់តែវាមិនមែនជាបទល្មើសគ្រឿងញៀន ឬក៏គាត់មិនបានជួញដូរ ឬក៏ប្រើប្រាស់ ហ្នឹងជាបញ្ហាដល់យើងវិញ»។ 
 

 លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ស្រុកបូទុមសាគរ​ ខេត្តកោះកុង។
 
យ៉ាងណាក៏ដោយ សម្រាប់ លោក សុខ រចនា ការទប់ស្កាត់បទល្មើសនានានៅក្នុងឃុំឱ្យកាន់តែមានប្រសិទ្ធភាព មិនអាចខ្វះការចូលរួមពីប្រជាពលរដ្ឋបាននោះឡើយ។ ដូច្នេះលោកមេប៉ុស្តិ៍ស្តីទីរូបនេះ បានស្នើសុំការសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតពីប្រជាពលរដ្ឋដោយជួយរាយការណ៍ករណីសង្ស័យមកកាន់សមត្ថកិច្ច ដើម្បីឱ្យមានការអន្តរាគមន៍ និងទប់ស្កាត់បទល្មើសបានទាន់ពេល។ អត្តសញ្ញាណប្រជាពលរដ្ឋដែលរាយការណ៍ មកកាន់តែសមត្ថកិច្ច នឹងត្រូវលាក់ទុកជាសម្ងាត។ នេះជាការគូសបញ្ជាក់របស់ លោក សុខ រចនា​ ដែលលោកបានបន្តថា ​ សមត្ថកិច្ចប៉ុស្តិ៍ នឹងខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន និងរៀបចំផែនការល្បាត ពិសេសផ្តោតលើការតាមដានករណីគ្រឿងញៀន និងក្មេងទំនើង ធ្វើយ៉ាងណាធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងឃុំ៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 បញ្ហាគ្រឿងញៀន
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com