ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ពលរដ្ឋរអ៊ូសេវាបញ្ជាក់សំបុត្រកំណើតក្នុងសង្កាត់កូនគ្រៀលមានភាពយឺតយ៉ាវ
01, Feb 2023 , 9:29 am        
រូបភាព
ដោយ៖ ហៀត ស្រីវន់ (យុវជនសង្កាត់កូនគ្រៀល) 

ក្រុងសំរោង, ឧត្តរមានជ័យ៖ពលរដ្ឋរស់នៅសង្កាត់កូនគ្រៀល បានរអ៊ូពីសេវាបញ្ជាក់សំបុត្រកំណើតមានភាពយឺតយ៉ាវ ដោយត្រូវរង់ចាំយូរថ្ងៃ ខែ ទើបទទួលបាន។



អ្នកស្រី នួន ហៀម  ជាពលរដ្ឋរស់នៅភូមិ ត្រពាំងស្លែង ក្រុងសំរោង បាននិយាយថា អ្នកស្រី បានទៅធ្វើ សំបុត្របញ្ជាក់កំណើតឱ្យកូន រយៈពេលជាង៦ខែទើបបាន។ អ្នកស្រី នួន ហៀម ត្រូវទៅសាលាសង្កាត់ជាច្រើនលើកច្រើនសារ ព្រោះត្រូវទៅសួរនាំពីសំបុត្រកំណើតកូន ដែលមានភាពយឺតយ៉ាវខ្លាំង។ «ខ្ញុំត្រូវទៅសង្កាត់ច្រើនដង ពេលទៅសួរគេថាអស់ក្រដាសរហូត»។ 
 
ចំណែកឯពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ផល ស៊ូ ក៏បានរអ៊ូពីបញ្ហាសេវាសំបុត្របញ្ជាក់កំណើតក្នុងសង្កាត់កូនគ្រៀលដែរ។ អ្នកស្រី ផល ស៊ូ បានឱ្យដឹងថា អ្នកស្រីបានធ្វើសំបុត្រកំណើតឱ្យកូន ជាង១ឆ្នាំមកហើយ ទើបទទួលបាន។ ទោះបីជាសេវាធ្វើសំបុត្រក្នុងសង្កាត់មានភាពយឺតយ៉ាវ តែអ្នកស្រី ស៊ូ ថាមន្រ្តីក្នុងសង្កាត់មានសម្ដីរាក់ទាក់ និងមិនយកកម្រៃនោះឡើយ។ 
 
លោកចៅសង្កាត់រងកូនគ្រៀល រ៉ត សំអាន់ បានឱ្យដឹងថា ល ថាបញ្ហានេះ ដោយសារខ្វះក្រដាសពីខាងក្រសួង ទើបធ្វើឱ្យសេវាមួយនេះមានភាពយឺតយ៉ាវជូនពលរដ្ឋ។ ម្យ៉ាងទៀត ដោយសារចំនួនប្រជាជនក្នុងសង្កាត់ច្រើន ដែលនាំឱ្យតម្រូវការលើសេវានេះច្រើន។ យ៉ាងណាមិញ លោកចៅសង្កាត់រង ថានឹងពន្លឿតការផ្ដល់សេវាសាធារណៈមួយនេះ ជូនពលរដ្ឋឱ្យគ្រប់តាមតម្រូវការ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com