ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេឃុំកណ្តោល រំពឹងថាយន្តការច្រកចេញចូលតែមួយ​​ នឹងជួយឱ្យការផ្តល់សេវា​នៅឃុំកាន់តែល្អ
01, Feb 2023 , 10:59 pm        
រូបភាព
ដោយ៖ ហេ អួញ( យុវជនឃុំកណ្តោល)

ស្រុកបូទុមសាគរ, កោះកុង៖ រដ្ឋបាលឃុំកណ្តោល ដែលស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងអនុវត្តយន្តការច្រកចេញចូលតែមួយរដ្ឋបាលឃុំ ដែលជាយន្តការថ្មីមួយជួយសម្រួលដល់ការផ្តល់រដ្ឋបាលសាធារណៈនៅក្នុងឃុំ។ បើតាម លោក ហ៊ុយ សំណាង មេឃុំនៃឃុំកណ្តោល យន្តការថ្មីនេះ គឺឃុំមានមន្ត្រីនៅរង់ចាំផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាដែលពលរដ្ឋត្រូវការ ហើយមន្ត្រីដដែលនេះ ក៏ជាអ្នកទទួលឯកសារពីពលរដ្ឋ សម្រាប់យកទៅឱ្យមន្ត្រីទទួលក្នុងការរៀបចំឯកសារនោះដែរ។

 
លើសពីមន្ត្រីទទួលបន្ទុកនៅយន្តការច្រកចេញចូលនេះ ​នឹងផ្តល់ព័ត៌មានទៅឱ្យពលរដ្ឋវិញ អំពីរយៈពេល ដែលនឹងទទួលបានឯកសារត្រូវប្រើប្រាស់ ឬអំពីតម្លៃនៃសេវារដ្ឋបាលនោះផងដែរ។ នេះបើតាមលោក ហ៊ុយ សំណាង ដោយលោកបានបន្ថែមថា៖  «មានប្រយោជន៍គឺមានន័យថា ប្រជាពលរដ្ឋមក(រក)សេវា អ្នកដែលផ្តល់ព័ត៌មាន គឺយកឯកសារពីគាត់(ពលរដ្ឋ)។ ចង់ធ្វើអី ឱ្យគាត់អង្គុយចាំ ឬម៉េច? បើថាធ្វើទាន់ភ្លាមៗ ឱ្យគាត់អង្គុយចាំ ធ្វើហើយ យើងឱ្យគាត់។ តែបើថាឯកសារហ្នឹងវាយូរ ឬយ៉ាងម៉េច ៣ថ្ងៃ ទើបបាន»។
 
បើតាមលោក ហ៊ុយ សំណាងយន្តការច្រកចេញចូលតែមួយរដ្ឋបាលឃុំ ផ្តល់ភាពងាយស្រួលបន្ថែមទៀត ទាំងសម្រាប់ពលរដ្ឋ និងទាំងមន្ត្រី ដោយមិនបាច់រង់ចាំយូរ និងកាត់បន្ថយការចំណាយក្រៅផ្លូវការ។ ​ដោយសារនេះគឺបែបបទថ្មីមួយ នៃការផ្តល់សេវារដ្ឋបាល​លោកមេឃុំកណ្តោល ក៏បានខិតខំផ្សព្វផ្សាយដំណឹងនេះទៅដល់ប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរភូមិផងដែរ។


លោក ហ៊ុយ សំណាង មេឃុំនៃរដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
 
ទន្ទឹមនឹងនេះ លោក ហ៊ុយ សំណាង ក៏ស្នើឱ្យពលរដ្ឋយោគយល់បន្ថែមដែរ ប្រសិនការផ្តល់សេវារបស់មន្ត្រី ភាពរអាក់រអួលក្នុងពេលកន្លងមក។ លោក ហ៊ុយ សំណាង ក៏បានតាំងចិត្តពង្រឹង និងពន្លឿនបន្ថែមទៀត ការផ្តល់សេវារដ្ឋបាល និងការដោះស្រាយបញ្ហានានាជូនពលរដ្ឋ ឱ្យកាន់តែប្រសើរ៕
​ 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 សេវាសាធារណៈ
  ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com