ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ពលរដ្ឋសង្កាត់សំរោង ចំនួន៦៧០គ្រួសារមានបណ្ណក្រីក្រ
×
ដោយ៖ ឈិន សុភារើន(យុវជនសង្កាត់សំរោង)
ក្រុងសំរោង, ឧត្តរមានជ័យ៖ ពលរដ្ឋក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន ៦៦០ គ្រួសារ ទទួលបាន បណ្ណក្រីក្រ ក្នុងនោះអ្នកកាន់កាប់បណ្ណក្រីក្រប្រភេទ១ ចំនួន ១៧៩គ្រួសារ និងប្រភេទ២ មាន៤៩១គ្រួសារ។
លោក ចៀប តុប ចៅសង្កាត់សំរោង បានឱ្យដឹងថា ចំនួនពលរដ្ឋដែលក្រីក្រនៅក្នុងសង្កាត់ខ្លួន គឺមានការកើនឡើងជាង១០០គ្រួសារ នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងខ្លាំងនៅអំឡុងវិបត្តិកូវីដ-១៩។ លោក ចៀប តុប ពន្យល់បន្ថែមដូច្នេះ «កាលពី(ឆ្នាំ)២០១៩ យើងមាន ៥៥៩គ្រួសារ។ ដល់ពេលរយៈពេលកូវីដ យើងសម្ភាស ទៀត ដោយសារតែគាត់បាត់បង់ការងារ។ យើងបាន១១១គ្រួសារទៀត។ បូកទៅ៦៧០(គ្រួសារ)»។
ក្រៅពីពលរដ្ឋដែលមានបណ្ណក្រីក្រនេះ លោក ចៀប តុប ក៏បានឱ្យដឹងទៀតថា ថ្មីៗនេះអាជ្ញាធរសង្កាត់បានចុះសម្ភាសពលរដ្ឋដែលរងហានិភ័យ សរុប១៣១គ្រួសារបន្ថែមទៀតដែរ ដែលគ្រួសារងាយរងហានិភ័យនេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដូចនឹងអ្នកដែលមានបណ្ណសមធម៌ដែរ។
លោក ចៀប តុប ចៅសង្កាត់សំរោង
ដើម្បីធានាថា ពលរដ្ឋដែលទទួលបានបណ្ណក្រីក្រ គឺជាអ្នកក្រលំបាកពិតប្រាកដនោះ គឺមានកុ្រមការងារជំនាញចុះសម្ភាស និងត្រួតពិនិត្យដល់ផ្ទះ ដើម្បីបញ្ជាក់ថា ពីស្ថានភាពគ្រួសារជាក់ស្តែង។ ការសម្ភាសលើពលរដ្ឋក្រីក្រនេះទៀតសោត គឺធ្វើតាមប្រពន្ធឌីជីថល ដែលធានាបាននូវយុតិ្តធម៌ និងមិនគ្មានការបន្លំនោះឡើយ។ នេះបើតាមការរៀបរាប់របស់ លោក ចៀប តុប ចៅសង្កាត់សំរោង។
អ្នកស្រី ហែម រ័ត្ន ពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់សំរោង។ មានសមាជិកគ្រួសារចំនួន ៤នាក់ អ្នកស្រី ហែម រ័ត្ន ដែលមានជំងឺប្រចាំកាយផងនោះ ទទួលបានបណ្ណក្រីក្រប្រភេទក្រ១ រយៈពេល ៤ឆ្នាំមកហើយ។ ពលរដ្ឋរូបនេះអះអាងថា បណ្ណក្រីក្របានជួយសម្រាលបន្ទុកក្នុងគ្រួសាររបស់អ្នកស្រីបានមួយផ្នែក ដូចជាទិញថ្នាំសង្កូវ និងទិញគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។
អ្នកស្រី ហែម រ័ត្ន ពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់សំរោង
អ្នកស្រី រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ជួយដល់ខ្ញុំ ពេលខ្ញុំទៅពេទ្យរដ្ឋ ឬមណ្ឌលសុខភាព ឱ្យបណ្ណហ្នឹង(ប័ណ្ណក្រីក្រ)ទៅគេ អត់អស់លុយទេ។ លុយហ្នឹងយកមកដោះទាល់បានមួយៗពេលដែរ»៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិន អេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពី ទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត នោះទេ)
Tag:
បណ្ណសមធម៌
គ្រួសារងាយរងហានិភ័យ
សំរោង
ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com