ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖​​ ប៉ុស្តិ៍សុខភាពក្នុងឃុំកណ្តោល ជួយឱ្យពលរដ្ឋ​​ទទួលបានសេវាសុខភាពលឿន និង​ចំណាយតិច
04, Feb 2023 , 7:59 am        
រូបភាព
ដោយ៖​ស៊ឹម ឆាន់  ( យុវជនឃុំកណ្តោល)
 
ស្រុកបូទុមសាគរ, កោះកុង៖ អាជ្ញាធរឃុំកណ្តោល បានដាក់ឱ្យប្រើប្រាស់ប៉ុស្តិ៍សុខភាពភូមិ ដំបូងគេនៅក្នុងឃុំ នាអំឡុងខែធ្នូ ចុងឆ្នាំ២០២២កន្លងទៅ ដែលជាអំណោយពីសប្បុរសជន​។ ប៉ុស្តិ៍សុខភាពភូមិនេះ សាងសង់ឡើង បន្ទាប់ពី​ពលរដ្ឋត្អូញត្អែរ ពីការពិបាក​ធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទៅទទួលសេវាសុខភាពនៅមណ្ឌលសុខភាពនៅក្នុងឃុំផ្សេង ដែលស្ថិតនៅចម្ងាយប្រមាណពី១០-២០គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន។

 
លោក ហ៊ុយ សំណាង មេឃុំនៃរដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ ឱ្យដឹងថា​ប៉ុស្តិ៍សុខភាពភូមិនេះ ត្រូវបានសាងសង់ឡើងនៅក្នុងភូមិធ្នង់ ឃុំកណ្តោល។ លោកមេឃុំ ជឿជាក់ថា ប៉ុស្តិ៍សុខភាពថ្មីនេះ នឹងជួយឱ្យពលរដ្ឋប្រមាណ៤ ០០០នាក់ នៅក្នុងឃុំកណ្តោល ទទួលបានសេវាពិនិត្យ និងថែទាំសុខភាពកាន់តែងាយស្រួល កាត់បន្ថយចំណាយថ្លៃធ្វើដំណើរ ពិសេសស្ត្រីមានផ្ទៃពោះ ចាស់ជរា និងពលរដ្ឋក្រីក្រ។
 

 លោក ហ៊ុយ សំណាង មេឃុំនៃរដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ ។

ពាក់ព័ន្ធនឹងការបង្កើតប៉ុស្តិ៍សុខភាពភូមិនេះ អ្នកស្រី កែវ ចាន់ ដែលជាពលរដ្ឋមានផ្ទៃពោះ​រស់នៅក្នុងភូមិធ្នង់ បានលើកឡើងថា ប៉ុស្តិ៍សុខភាពនេះ នឹងជួយឱ្យអ្នកស្រីមិនចាំបាច់ធ្វើដំណើរទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពដែលនៅឆ្ងាយពីផ្ទះ។ ក្រៅពីកាត់បន្ថយចំណាយ និងពេលវេលាលើការធ្វើដំណើរ ស្ត្រីវ័យ៣៣ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ពលរដ្ឋនៅក្នុងឃុំ ក៏ងាយស្រួលក្នុងការជំនួយពីគ្រូពេទ្យបានលឿន ករណីមានការឈឺថ្កាត់យប់ព្រលប់ ឬមានករណីសម្រាលជាដើម។ ​«បាន(ប៉ុស្តិ៍សុខភាព)នៅជិតហ្នឹងល្អ! ល្អថាយើងចង់ទៅពិនិត្យសុខភាព ឬឈឺគ្រុនអី បាននៅជិត វាងាយស្រួលជាងទៅ(មណ្ឌលសុខភាព) នៅឃុំអណ្តូងទឹក»។  អ្នកស្រី កែវ ចាន់ បន្ថែមដូច្នេះ។
 

 អ្នកស្រី កែវ ចាន់ ​ពលរដ្ឋមានផ្ទៃពោះ ​រស់នៅក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ 

ពលរដ្ឋឃុំកណ្តោលម្នាក់ទៀត គឺអ្នកស្រី ជៀម ណៀវ ក៏ត្រេកអរដែរ ដែលឃុំមានប៉ុស្តិ៍ សុខភាពនៅក្នុងភូមិ និងនៅជិតផ្ទះរបស់ខ្លួនតែម្តង។ មានវ័យ ៥២ឆ្នាំ អ្នកស្រី ជៀម ណៀវ លើកឡើងដូច្នេះថា៖ «យើងបានអ្នកសម្រាល អ្នកអីនៅជិតហ្នឹងណា៎។ បាននៅជិតហ្នឹងវាស្រួល កូនចៅយើងព្រលប់អីឈឺគ្រុនអីវាស្រួល វាអត់ពិបាកទៅឆ្ងាយ»។


អ្នកស្រី ជៀម ណៀវ ពលរដ្ឋរស់នៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ 

ដែលបន្ថែមពីការមើលឃើញពីភាពវិជ្ជមានជុំវិញការសង់ប៉ុស្តិ៍សុខភាពភូមិនេះដែរ ​អ្នកស្រី ជៀម ណៀវ បានស្នើឱ្យគ្រូពេទ្យដែលបម្រើការងារនៅប៉ុស្តិ៍សុខភាពភូមិ ផ្តល់សេវាដល់ពលរដ្ឋប្រដោយវិជ្ជាជីវៈ និងប្រើប្រាស់ពាក្យសម្តីសមរម្យ ព្រមទាំងមិនមានការរើសអើង៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សេវាសាធារណៈ
  ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com