ជាតិ
ក្នុងខែដំបូង គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៣លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ 
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត។
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងខែមករា ដើមឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជិត ២០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ កុម្ភៈ។
១ខែដំបូង នៃឆ្នាំ២០២៣ មានទេសចរសរុប ៧៧ ៤៣៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនជិត ២០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំនួនទេសចរទាំងនេះ គិតជាទឹកប្រាក់មានចំនួន ៣ ៦៤៣ ៤៩៧ដុល្លារ។
ក្រៅពីរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ដល់ទេសចរអន្តរជាតិចំនួន ១ ៦១២នាក់ផងដែរ។ បើតាមគ្រឹះស្ថានអង្គរ ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ក្នុងខែមករា មានចំនួន ២៤ ១៨០ដុល្លារ។ ទន្ទឹមនឹងនេះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស មានចំនួន ៥៦ ១៦៣ដុល្លារ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១ខែនៃឆ្នាំ២០២៣ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ត្រូវបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផាចំនួន ១៥៤ ៨៧២ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដដែល៕
Tag:
ThmeyThmey25
ចំណូលពីការលក់ប័ណ្ណទស្សនាអង្គរ
គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com