ជាតិ
សង្គមជាតិ
ពលរដ្ឋ បារម្ភពីភាពអសន្តិសុខក្នុងខេត្តតាកែវ តែអាជ្ញាធរថា បានពង្រាយកម្លាំងការពារសុវត្ថិភាពហើយ
09, Feb 2023 , 10:09 am        
រូបភាព
 លោក សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ (រូបភាព ស្នងការនគរបាលខេត្តតាកែវ) និងរូបករណីឃាតកម្មមួយ កាលពីថ្ងៃទី០៣ ខែកុម្ភៈ (រូបភាពពីហ្វេសប៊ុក បូរ៉ែន សារព័ត៌មាន ស៊ីភីអិន)។
លោក សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ (រូបភាព ស្នងការនគរបាលខេត្តតាកែវ) និងរូបករណីឃាតកម្មមួយ កាលពីថ្ងៃទី០៣ ខែកុម្ភៈ (រូបភាពពីហ្វេសប៊ុក បូរ៉ែន សារព័ត៌មាន ស៊ីភីអិន)។
ភ្នំពេញ៖ ថ្មីៗនេះករណីឃាតកម្ម និងការលួចឆក់តាមផ្លូវ ក្នុងខេត្តតាកែវ បានបង្កការភ្ញាក់ផ្អើល និងធ្វើឱ្យសាធារណជន មានការព្រួយបារម្ភពីសុវត្ថិភាព ។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យស្នងការខេត្តតាកែវ អះអាងថា អាជ្ញាធរបានត្រៀមកម្លាំងរួចជាស្រេច ដើម្បីបង្ក្រាបបញ្ហាទាំងនេះ។



ប៉ុន្មានថ្ងៃចុងក្រោយនេះ «ខេត្តតាកែវ» បានក្លាយជាប្រធានបទក្ដៅគគុកមួយ នៅលើបណ្ដាញសង្គម ដោយសារករណីឃាតកម្ម និងការឆក់ប្លន់ ជាបន្តបន្ទាប់ ក្នុងមូលដ្ឋានខេត្តនេះ។ ជាក់ស្ដែងមានករណីឃាតកម្មមួយ បានកើតឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ នៅចំណុចផ្លូវជាតិលេខ២ ក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ហើយត្រូវបានកម្លាំងសមត្ថកិច្ចខេត្តនេះ ចុះបង្ក្រាបជនល្មើសដោយជោគជ័យ ។ ប៉ុន្តែករណីនេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនបារម្ភពីសុវត្ថិភាពរបស់ពួកគេ។ 
 
អ្នកខ្លះទៀត បានយកក្តីព្រួយបារម្ភនេះ ទៅនិយាយបែបបញ្ចើចបញ្ចើ និងផ្លែផ្កាទៅអាជ្ញាធរខេត្ត ថា «ឆ្នាំនេះតាកែវលើកពាន» , «លែងហ៊ានទៅស្រុក» និង «ខេត្តតាកែវឥឡូវគួរឱ្យខ្លាច» ជាដើម។ 
 
ជុំវិញបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់នេះ លោក សៅ សារុន អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ បានលើកឡើងថា សមត្ថកិច្ចបានរៀបចំកម្លាំង នៅតាមគោលដៅនានា ដែលប្រឈមហានិភ័យ ដើម្បីរក្សាសុវត្ថិភាព និងបង្ក្រាបបទល្មើសនានា។ 
 
លោក សៅ សារុន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះ៖ «ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលគាត់មានការព្រួយបារម្ភ ក្នុងការធ្វើដំណើរឆ្លងកាត់ខេត្តតាកែវខ្លាច​មានគ្រោះថ្នាក់ ដោយប្រការណាមួយកើតឡើង ពាក់ព័ន្ធនឹងករណីឃាតកម្មកើតឡើង អ៊ីចឹងក្រោយកើតហេតុគឺយើងប្រើប្រាស់គ្រប់វិធានការជំនាញ មិនដល់រយៈពេល៧២ម៉ោងផង យើងឃាត់បានមុខសញ្ញាទាំងអស់។ នេះជាជោគជ័យយ៉ាងធំរបស់កងកម្លាំងរបស់យើង»។ 
 
អ្នកនាំពាក្យស្នងការខេត្តរូបនេះ ទទួលស្គាល់ថា រយៈពេលចុងក្រោយនេះ មានបទល្មើសកើតមានឡើង នៅមូលដ្ឋានចំនួន២ ក្នុងខេត្តតាកែវ ដែលភាគច្រើនជាបទល្មើសលួច។ មូលដ្ឋានទាំងពីរនោះ គឺ ក្រុងដូនកែវ និងស្រុកត្រាំកក់។ 
 
តែយ៉ាងណាស្នងការនគរបាលខេត្តតាកែវ បានយកចិត្តទុកដាក់ ក្នុងការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដល់ប្រជាពលរដ្ឋហើយ។ លោក សៅ សារុន បានរៀបរាប់ដូច្នេះ៖ «ពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបានខេត្តតាកែវ ក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា លោកតែងបានចាត់តាំងកម្លាំងល្បាតពួនស្ទាក់តាមគោលដៅ ក្នងនោះនៅតាមគោលដៅផ្លូវជាតិ នៅតាមគោលដៅដែលមានហានិភ័យ គោលនៅងាយរងគ្រោះ»។ 
 
តាមរយៈសារសំឡេងតាមប្រព័ន្ធតេឡេក្រាម អ្នកនាំពាក្យរូបនេះ ប្រាប់សាធារណជន កុំឱ្យមានការព្រួយបារម្ភពីសុវត្ថិភាព ពេលធ្វើដំណើរក្នុងខេត្តតាកែវ។ លោកអះអាងថា ខេត្តតាកែវមានកម្លាំងជំនាញបង្ក្រាបបទល្មើស ក្នុងមូលដ្ឋានខ្លួន។ 
 
«ក្នុងនោះដែរ ក៏បានបែងចែកបែងចែកលោកស្នងការររង ទទួល(បន្ទុក)តាមបណ្ដាស្រុកចុះបញ្ជាដឹកនាំជាប្រចាំ ហើយក៏មានកម្លាំងអន្តរាគមន៍ជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងនោះក៏មានកម្លាំងប្រជាការពារផងដែរ ដើម្បីពួនស្ទាក់នៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅម៉ោង ដែលយើងគិតថាអាចនឹងមានក្រុមជនខិលខូចបង្កសកម្មភាព»។ នេះបើតាមលោក សារុន។
 
អ្នកនាំពាក្យរូបនេះក៏បាន អំពាវនាវដល់ពលរដ្ឋ និងសាធារណជន ដែលជួបប្រទះនូវបទល្មើស ត្រូវរាយការណ៍មកកាន់កម្លាំងសមត្ថកិច្ច ទៅតាមប្រព័ន្ធ Hotline ដើម្បីឱ្យសមត្ថកិច្ចចុះបង្ក្រាប និងដោះស្រាយ ទាន់ពេលវេលា៕
 
 
 

Tag:
 ThmeyThmey
  ខេត្តតាកែវ
  សៅ សារុន
  ស្នងការខេតតតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com