ជាតិ
ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់តាមសាលា នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់!
10, Feb 2023 , 6:59 pm        
រូបភាព
របភាព Pexels។
របភាព Pexels។
ក្រសួងអប់រំ យុជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី នាទិវាបុណ្យនៃក្ដីស្រឡាញ់ ឬ១៤កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ នេះបើតាមទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា។



ដូចឆ្នាំមុនៗដែរ មុនថ្ងៃ១៤កុម្ភៈមកដល់ ដែលជាទិវានៃក្ដីស្រឡាញ់ ក្រសួងអប់រំ យុវជន និងកីឡា តែងចេញវិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលប្រាស់ចាកពីវប្បធម៌ និងប្រពៃណីខ្មែរ។ 
 
ក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបដៃគូស្នេហា។ ក្រសួង​អប់រំ​ បញ្ជាក់ថា យុវជនភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់ កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់ខ្លួន និង​គ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​​ខ្មែរ ។​
 
ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ ដើម្បី​កុំឱ្យ​​មាន​ការយល់​ខុស ពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ (Valentine’s Day)​។  ក្រសួង​អប់រំ ក៏​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​ឱ្យ​បាន​ម៉ឹងម៉ាត់ ជាពិសេស​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​ពិនិត្យ និង​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​
 
ក្រសួង​អប់រំ បាន​បន្ថែមទៀតថា ត្រូវ​ជំរុញ​ដំណើរ​ការរបស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។ ជាមួយគ្នានេះ ត្រូវបង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា ដើម្បី​សហការគ្នា អប់រំ ណែនាំ កែលម្អ​សិស្សានុសិស្ស​៕ 
 

Tag:
 ThmeyThmey
  ទិវានៃក្ដីស្រឡាញ់
  ១៤កុម្ភៈ
  ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com