កីឡាអន្តរជាតិ
អន្តរជាតិ
Premier League សន្យាបង្ក្រាបការយកករណីសោកនាដកម្ម ស្រែកប្រមាថគ្នាក្នុងការប្រកួត
14, Feb 2023 , 8:29 am        
រូបភាព
ក្របខណ្ឌ Premier League នឹងបង្ក្រាបអ្នកគាំទ្រណាដែលបានស្រែកឌឺដងគ្នាដោយប្រើប្រាស់ពាក្យសម្តីទាក់ទៅនឹងសោកនដកម្ម ក្រោយករណីនេះ កើតឡើងក្នុងការប្រកួតរវាង ​Leeds United និង Manchester United នៅថ្ងៃទី១២ ខែកុម្ភៈ។ អ្នកគាំទ្រ Leeds យកករណីដែលសមាជិកក្រុមបិសាចក្រហមធ្លាក់យន្តហោះស្លាប់៨នាក់នៅក្រុង Munichកាលពីឆ្នាំ១៩៥៨ មកដៀមដាម ស្របពេលក្រុមពួកគេបរាជ័យ។



​ក្រោយការប្រកួតរវាង​ Leeds និង Man United បានបញ្ចប់ទៅមិនបានប៉ុន្មានម៉ោងផងនោះ ស្ថាប័ន Premier League បានចេញសេចក្តីថ្លែងការណ៍ថានឹងចាត់វិធានការតឹងរឹងដើម្បីបង្ក្រាបលើបញ្ហាដ៏អសិលធម៌របស់អ្នកគាំទ្រអំឡុងពេលប្រកួត។
 
«Premier League សូមថ្កោលទោសចំពោះការស្រែកច្រៀងដែលបានឮក្នុងការប្រកួតថ្ងៃនេះរវាង Leeds United និង Manchester United ហើយលីគកំពុងតែចាត់ទុកបញ្ហាសោកនាដកម្មជាអទិភាព និងជាបញ្ហាដ៏សំខាន់ដើម្បីដោះស្រាយព្រមទាំង បង្ក្រាបឱ្យខាងតែបាន។»។ នេះបើតាមសេចក្តីថ្លែងការណ៍ពី Premier League។ 
 
នាជំនួប Premier League ថ្ងៃទី១២ កុម្ភៈ ​Man United បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Leeds នាកីឡដ្ឋាន​ Elland Road លទ្ធផល ២-០ ប៉ុន្តែការប្រកួតត្រូវបានរំខានដោយអ្នកគាំទ្រ បានស្រែកច្រៀងទាក់ទង់សោកនាដកម្មធ្លាក់យន្តហោះនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ឆ្នាំ​ ១៩៥៨។ សោកនាដកម្មនោះបានសម្លាប់កីឡាករក្រុមបិសាចក្រហមចំនួន ៨នាក់ និងការស្លាប់របស់អ្នកគាំទ្រ Leeds ពីរនាក់នៅទីក្រុង Istanbul ក្នុងឆ្នាំ ២០០០ ក្នុងជម្លោះរវាងអ្នកគាំទ្រ Galatasaray ​នៃជំនួប UEFA Cup ផ្តាច់ព្រ័ត្រ។ 
 
ក្រោយករណីនេះ ក្លិប Leeds និង Man United បានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសដូច្នេះថា៖«ក្លិបទាំងពីសូមថ្កោលទោសចំពោះការស្រែកចេញពីសំណាក់អ្នកគាំទ្រទាំងសងខាងដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រដ៏អាក្រក់ក្នុងការប្រកួតថ្ងៃនេះ។ ទង្វើរទាំងនេះពិតណាស់ពិបាកនឹងទទួលយក ហើយយើងនឹងធ្វើការរួមគ្នាព្រមទាំងក្រុមអ្នកគាំទ្ររបស់យើង ជាមួយ Premier league ដើម្បីចាត់វិធានការតឹងរឹងបង្ក្រាបបញ្ហានេះឱ្យចេញឆ្ងាយពីបាល់ទាត់។»។
 
បញ្ហានេះមិនមែនទើបតែកើតមានឡើយ កន្លងមកអ្នកគាំទ្រក្រុម Liverpool ក៏ធ្លាប់បានអំពាវនាវឱ្យ Premier League ចាត់វិធានការលើរឿងស្រែកចំអកដោយប្រើប្រាស់គ្រោះមហន្តរាយរអិលជាន់គ្នាក្នុងកីឡដ្ឋាន Hillsborough ឆ្នាំ ១៩៨៩ ដែលបណ្តាលឱ្យអ្នកគាំទ្រហង្សក្រហមប្រមាណ ៩៧នាក់បានស្លាប់ផងដែរ៕
 
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com