FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ៖ អាម៉េរិក ម៉ិកស៊ិក និងកាណាដា បានកៅអីស្វ័យប្រវត្តិនៅ World Cup 2026
15, Feb 2023 , 9:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងជាប់ដោយស្វ័យប្រវត្តិសម្រាប់ពានរង្វាន់ World Cup ឆ្នាំ ២០២៦។ ប្រទេសទាំង ៣ ជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup ដែលមានក្រុមប្រកួតដល់ទៅ ៤៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ។



អាម៉េរិក ម៉ិកស៊ិក និងកាណាដា ក្រុមប្រទេសមកពីអាម៉េរិកកណ្តាល-ជើង បានឈ្នះសិទ្ធិដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២៦។ ​ជាក់ស្តែងតាមប្រវត្តិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រទេសជាម្ចាស់ផ្ទះទទួលបានសិទ្ធិទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះ។ ប៉ុន្តែទោះជាយ៉ាងណា នេះជាលើកដំបូងសម្រាប់ FIFA ដែលផ្តល់កៅអីស្វ័យប្រវត្តិដល់ម្ចាស់ផ្ទះចំនួន ៣ប្រទេស។ 
 
World Cup 2026 ក៏ជាការប្រកួតដំបូងក្នុងប្រវត្តិសាស្ត្រដែលបង្កើនក្រុមប្រកួតពីចំនួន​ ៣២ក្រុម ទៅដល់ ៤៨ក្រុមផងដែរ។ សម្រាប់ប្រកួតជម្រុះតំបន់ CONCACAF ក្រោយ FIFA សម្រេចបង្កើនចំនួនក្រុមប្រកួតឡើងដល់ ៤៨ក្រុម ពួកគេទទួលបានកៅអីប្រកួតជម្រុះចំនួន ៦ ប៉ុន្តែ កៅអីចំនួន ៣ត្រូវបានកាត់ចេញប្រគល់ទៅឱ្យក្រុមម្ចាស់ផ្ទះ។
 
«លើសពីនេះ ក្រុមប្រឹក្សា FIFA បានបញ្ជាក់ថា ស្របតាមប្រពៃណីដ៏យូរលង់ ម្ចាស់ផ្ទះទាំងអស់ចូលរួមប្រកួតព្រឹត្តិការណ៍ FIFA World Cup ដោយមិនចាំបាច់ជម្រុះ។ ក៏ដូចជាការពិចារណាលើវិស័យកីឡា និងប្រតិបត្តិការផ្សេងៗ ម្ចាស់ផ្ទះ World Cup 2026 រួមមានអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងទទួលបានកៅអីស្វ័យប្រវត្តិសម្រាប់ការប្រកួតជុំចុងក្រោយតែម្តង។ កៅអីរបស់ពួកគេត្រូវបានកាត់ចេញពីការបែងចែកសរុបនៃកៅអីចំនួន ៦ ដែលត្រូវប្រគល់ឱ្យតំបន់ CONCACAF។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA ថ្ងៃទី១៤ កុម្ភៈ។
 
ស្របពេលអាម៉េរិក និងម៉ិកស៊ិក តែងតែបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ World Cup ច្រើនសម្រាប់ក្រុមមកពីតំបន់ទ្វីបអាម៉េរិកកណ្តាល-ជើង ​ដូច្នេះកៅអីស្វ័យប្រវត្តិជាព័ត៌មានល្អសម្រាប់កាណាដា។ កាណាដា បញ្ចប់ការរង់ចាំរយៈពេល ៣៦ឆ្នាំ ក្នុងការបង្ហាញខ្លួនលេងនៅព្រឹត្តិការណ៍ World Cup នៅពេលពួកគេបានឈ្នះកៅអីទៅកាតាឆ្នាំ ២០២២។ 
 
ក្រៅពីនេះក្រុមប្រឹក្សា FIFA ក៏បានកំណត់ពេលវេលារបស់ខ្លួនសម្រាប់ការដេញថ្លៃសិទ្ធិធ្វើជាម្ចាស់ផ្ទះ​ World Cup 2030 ផងដែរ ដោយធ្វើឡើងនៅដើមឆ្នាំ ២០២៤ តែម្តង។
 
គួររំលឹកថាមកដល់ពេលនេះមានក្រុមប្រទេសចំនួន ៣ហើយដែលបានដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2030 ដោយក្នុងនោះរួមមាន ក្រុមប្រទេសទ្វីបអាម៉េរិកខាងត្បូង (អាហ្សង់ទីន អ៊ុយរូហ្កាយ ប៉ារ៉ាហ្កាយ និងស៊ីល៊ី) ក្រុមប្រទេសទ្វីបអឺរ៉ុប (អេស្ប៉ាញ និងព័រទុយហ្កាល់) និង ម៉ារ៉ុក ពីទ្វីបអាហ្រ្វិក៕
 

Tag:
 FIFA
  World Cup
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com