ជាតិ
សង្គមជាតិ
អភិបាលខេត្តព្រះសីហនុអះអាងថា បទល្មើសបង្ខាំង និងជួញដូរមនុស្ស មានភាពធូរស្បើយ
16, Feb 2023 , 11:07 am        
រូបភាព
 លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពពីទំព័រហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពពីទំព័រហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
បទល្មើសបង្ខាំង ការជំរិតទារប្រាក់ ការធ្វើទារុណកម្ម ការជួញដូរមនុស្ស អំពើសញ្ចរកម្ម និងល្បែងស៊ីសងអនឡាញខុសច្បាប់ ជាដើម ដែលកើតឡើក្នុងខេត្តព្រះសីហនុ កន្លងមក មានភាពធូរស្បើយ។



ជុំវិញប្រតិបតិការបង្ក្រាបបទល្មើសនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា បទល្មើសខាងលើនេះ ត្រូវបានកាត់បន្ថយ ពោលគឺមិនទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះច្រើនដូចមុនទៀតឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥កុម្ភៈនេះ អភិបាលខេត្តរូបនេះបញ្ជាក់ដូច្នេះ៖«នៅក្រោយពេលដែលយើងបានរួមគ្នាគ្រប់គ្រង ដឹកនាំ និងចាត់វិធានការ នៅពេលចាប់ផ្ដើម ក្នុងមួយថ្ងៃៗបណ្ដឹងចូលផេកក្រឡាហោមរហូតដល់ស៊ិប(បណ្ដឹង) ដល់ពេលនេះធូរស្បើយ ឥឡូវនេះអាចឈានដល់ខែ ដែលអត់មានពាក្យបណ្ដឹងក៏មានដែរ។ ស្ថានការណ៍ត្រូវបានធូរស្បើយ»។ 
 
បើទោះជាស្ថានធូរស្បើយ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្តនេះ នៅតែបន្តសកម្មភាព ក្នុងការតាមដាន ស្រាវជ្រាវ ដើម្បីបង្ក្រាបបទល្មើស និងរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក គួច ចំរើន។ 
 
ក្រៅពីបទល្មើសជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុក៏ជួបបញ្ហាសំណង់អាគារជាប់គាំងផងដែរ ហើយបញ្ហានេះអូសបន្លាយដល់បច្ចុប្បន្ន។ ក្នុងសន្និសីទកាសែតដដែលនោះ លោក គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នមានសំណង់អាគារដែលជាប់គាំងនោះ មានចំនួន ១០០៦សំណង់អគារខ្ពស់។ 
 
លោកបន្ថែមក្នុងចំណោមសំណង់អគារជាងមួយពាន់នោះ ក្នុងនោះ ៣៥៩អាគារត្រូវបានផ្អាកការសាងសង់ទាំងស្រុង, ៨៩អាគារកំពុងដំណើរការសាងសង់ឡើងវិញ, អាគារចំនួន២៥៥អាគារដែលសាងសង់រួច តែមិនមានសកម្មភាពអាជីវកម្ម និងអាគារចំនួន ៣០៣អាគារ កំពុងមានសកម្មភាពអាជីវកម្ម។ 
ជុំវិញអាគារដែលជាប់គាំងនេះ លោកអភិបាលខេត្តនេះ បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារ ដើម្បីចុះសិក្សាលើបញ្ហានេះផងដែរ៕ 
 
 

Tag:
 ThmeyThmey
  បទល្មើសបច្ចេកវិទ្យា
  ព្រះសីហនុ
  ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com