កីឡាអន្តរជាតិ
អន្តរជាតិ
Europa League ៖ គ្រូ Man Utd ថាជំនួបទល់ Barcelona ប្រៀបដូចប្រកួតវគ្គផ្តាច់ព្រ័ត្រ 
×![]()
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United ចាត់ទុកការប្រកួតវគ្គ ១៦ក្រុមពានរង្វាន់ Europa League ទល់ Barcelona ប្រៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
បិសាចក្រហមកំពុងរីករាយជាមួយភាពល្អប្រសើរនៃទម្រង់លេងឡើងវិញក្រោមការដឹកនាំរបស់លោក Ten Hag ដែលបានចូលមកដឹកនាំក្នុងរដូវកាល ២០២២-២៣ នេះ។
សម្រាប់ជំនួបរាត្រីនេះ Man United ធ្វើដំណើរទៅទឹកដីអេស្ប៉ាញសម្រាប់ជំនួបជើងទីមួយ ទល់ក្រុមម្ចាស់ផ្ទះ Barca ដែលជាក្រុមកំពុងឈរកំពូលតារាង La Liga។ បច្ចុប្បន្នបិសាចក្រហមឈរនៅចំណាត់ថ្នាក់លេខ ៣ មានគម្លាតពិន្ទុពីក្រុមកំពូលតារាង Man City ៦ពិន្ទុ។
Man Utd និង Barca សុទ្ធតែបានស្តារមុខមាត់ប្រសើរឡើងវិញដូចគ្នានៅរយៈពេលចុងក្រោយ។ នាសន្និសីទកាសែតមុនការប្រកួតមកដល់អ្នកចាត់ការសញ្ជាតិហូឡង់បាននិយាយថា ការប្រកួតទល់ Barca ប្រៀបដូចជាជំនួបវគ្គផ្តាច់ព្រ័ត្រ។
«ខ្ញុំគិតថា Barcelona ហើយនឹងយើងដូចគ្នា អាចចាត់ទុកថាការប្រកួតនេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ យើងសម្លឹងទៅមុខសម្រាប់ការប្រកួតនេះ វានឹងធ្វើឱ្យយើងអស់កម្លាំងច្រើនក្នុងការស្វែងរកទីបញ្ចប់ ហើយវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ។»។ លោក Ten Hag បាននិយាយបែបនេះទៅកាន់គេហទំព័រ UEFA ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ។
ក្រៅពីក្តីរំពឹងទទួលបានការប្រកួតមួយដ៏អស្ចារ្យលោក Ten Hag ក៏បានសរសើរដល់ការដឹកនាំរបស់ Xavi Hernandez នៅក្រុម Barcelona ថាទទួលបានភាពរីកចំរើនខ្លាំងនិងមានកីឡាករវ័យក្មេងមានសមត្ថភាពច្រើន។
សម្រាប់ជំនួបរាត្រីនេះបិសាចក្រហមនឹងអវត្តមានកីឡាករសំខាន់ៗដូចជា ខ្សែការពារ Lisandro Martinez និង Marcel Sabitzer ដោយជាប់បម្រាមសម្រាប់ជើងទីមួយ។ ខ្សែប្រយុទ្ធ Anthony Martial និង Scott Mctominay ក៏នឹងត្រូវអវត្តមានដោយសារតែរបួសអំឡុងពេលហ្វឹកហាត់៕
Tag:
Europa League
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com