សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្រូវការឥណទាននៅចិនមានសន្ទុះកើនឡើងខ្លាំងបន្ទាប់ពីបើកប្រទេសឡើងវិញ
19, Feb 2023 , 9:19 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
បន្ទាប់ពីចិនបានបើកប្រទេសឡើងវិញ ការវិនិយោគផ្នែកផលិតកម្មនិងឧស្សាហកម្មនៅក្នុងប្រទេសនេះមានសន្ទុះកើនឡើង ដែលបណ្តាលឱ្យតម្រូវការប្រាក់កម្ចីមានទំហំកាន់តែច្រើន។ តួលេខពីធនាគារប្រជាជនចិន (PBOC) បង្ហាញថាចំនួនប្រាក់កម្ចីថ្មីនៅក្នុងប្រទេសក្នុងខែដំបូងនៃឆ្នាំនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រមាណ ៧២០ពាន់លានដុល្លារអាម៉េរិក។

 
បើតាម PBOC ប្រាក់កម្ចីថ្មីនៅក្នុងប្រទេសចិននាខែមករាបានកើនឡើងដល់៤,៩ទ្រីលានយ័ន (៧២០ពាន់លានដុល្លារ) ខ្ពស់ជាងបីដងកាលពីខែធ្នូឆ្នាំមុន។ ការកើនឡើងយ៉ាងខ្លាំងនេះកើតឡើងនៅពេលដែលធនាគារ PBOC កំពុងធ្វើការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយធានានូវសាច់ប្រាក់ងាយស្រួល និងកាត់បន្ថយការចំណាយលើការផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្ម។
 
អ្នកវិភាគបានព្យាករថា PBOC ទំនងជានឹងកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួន នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យមួយចំនួនដែលកំពុងជួបការលំបាក។
 
លោក Zeng Gang នាយករងនៃរដ្ឋបាលអភិវឌ្ឍន៍ និងហិរញ្ញវត្ថុជាតិរបស់ចិនបានមើលឃើញពី ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ និងការវិនិយោគសាជីវកម្មនៅក្នុងខែដំបូងនៃឆ្នាំនេះ។ លោកបន្តថាតម្រូវការកើនឡើងបានរួមចំណែកដល់កំណើននៃការផ្គត់ផ្គង់ឥណទាន ធនាគារក៏មានទំនោរក្នុងការផ្តល់ប្រាក់កម្ចីកាន់តែច្រើននៅដើមឆ្នាំដើម្បីទាក់ទាញអតិថិជន ហើយការផ្គត់ផ្គង់ និងតម្រូវការបានជំរុញដល់ការផ្តល់ប្រាក់កម្ចី ហើយជាការចាប់ផ្តើមដ៏ល្អសម្រាប់កំណើនស្ថិរភាពពេញមួយឆ្នាំ។  
 
បើតាមរបាយការណ៍របស់ PBOC ទំហំនៃការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែងដែលត្រូវបានបញ្ចេញក្នុងខែមករាបានកើនឡើងយ៉ាងខ្លាំង ដែលបង្ហាញពីភាពប្រសើរឡើងនៃទំនុកចិត្តអាជីវកម្ម។ អ្នកជំនាញចាត់ទុកថានេះជាសញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
 
កំណើនសមតុល្យប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែង មានចំនួនសមាមាត្រខ្ពស់នៃកំណើនឥណទានក្នុងខែមករា ពីព្រោះតែបណ្តាអាជីវកម្មនានាមានមានទំនុកចិត្តនាពេលអនាគតថា ធនាគារនឹងផ្តល់ប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែងដើម្បីវិនិយោគក្នុងការពង្រីកផលិតកម្ម។ គេអាចរំពឹងថាប្រាក់កម្ចីថ្មីនេះនឹងត្រូវបានបំប្លែងដោយអាជីវកម្មទៅក្នុងការចំណាយវិនិយោគពិតប្រាកដ ដែលអាចជំរុញតម្រូវការក្នុងស្រុក និងកំណើនសេដ្ឋកិច្ច។ នេះបើតាមការបន្ថែមរបស់លោក Zeng Gang ។ 
 
បើតាមអ្នកជំនាញ លក្ខខណ្ឌឥណទានដែលប្រសើរឡើង រួមជាមួយនឹងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងវិធានការគាំទ្រ អាចជំរុញកំណើនសេដ្ឋកិច្ចរបស់ចិនដល់ប្រហែល៥ភាគរយនៅឆ្នាំនេះ។ 
 
គួរបញ្ជាក់ថា ក្រៅពីធានាការផ្គត់ផ្គង់ឥណទានដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច អាជ្ញាធរចិនក៏ផ្តោតលើការទប់ស្កាត់ហានិភ័យផងដែរ។ ថ្មីៗនេះ និយតករចិនបានរឹតបន្តឹងតម្រូវការសម្រាប់ការចាត់ថ្នាក់ហានិភ័យទ្រព្យសកម្មលើវិស័យធនាគារ ដើម្បីធានាសុវត្ថិភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។ បទប្បញ្ញត្តិថ្មីនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ហើយថ្ងៃផុតកំណត់សម្រាប់ធនាគារដើម្បីបញ្ចប់ចំណាត់ថ្នាក់នៅឆ្នាំ២០២៥៕
 

Tag:
 ចិន
  ប្រាក់កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com