អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយខ្លី២គ្រាប់ទៀត ក្រោយបាញ់មីស៊ីលអន្តរទ្វីបបានពីរថ្ងៃ
20, Feb 2023 , 9:42 am        
រូបភាព
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបនៅថ្ងៃទី១៨ ខែកុម្ភៈ។ រូបភាព KCNA
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបនៅថ្ងៃទី១៨ ខែកុម្ភៈ។ រូបភាព KCNA
កូរ៉េខាងជើង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ បានបាញ់មីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់ជាថ្មី ទៅក្នុងសមុទ្រខាងកើត ក្រោយបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) បានពីរថ្ងៃ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។



កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែកុម្ភៈ បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM)​ នៅក្នុងសមុទ្រខាងកើតលើកដំបូងនៅឆ្នាំ២០២៣ ស្របពេលកូរ៉េខាងត្បូង និងអាម៉េរិកធ្វើសមយុទ្ធទ័ពអាកាស។ 
 
ពីរថ្ងៃបន្ទាប់ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត។ តាមការបញ្ជាក់របស់នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ខ្លួនបានចាប់សញ្ញាការបាញ់មីស៊ីលចេញពីតំបន់ Sukchon ក្នុងខេត្ត South Pyongan នៅចម្លោះម៉ោង៧ព្រឹក និងម៉ោង ៧ និង១១នាទី។ មីស៊ីលទាំងពីរនេះ ហោះបានចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ និង៣៤០គីឡូម៉ែត្រ។ 
 
ប៉ុន្មានម៉ោងក្រោយការបាញ់នេះ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA បានចុះផ្សាយថា កងកម្លាំងកាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ក្នុងអំឡុងពេលធ្វើសមយុទ្ធ។
 
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ ទំនងជាចង់បញ្ចេញសាច់ដុំដាក់សមយុទ្ធទ័ពអាកាសអាម៉េរិក និងកូរ៉េខាងត្បូង។ កន្លងមក ក្រុងព្យុងយ៉ាង បានប្តេជ្ញាបង្ហាញសាច់ដុំ ដូចអ្វីដែលអាម៉េរិក និងកូរ៉េខាងត្បូងបានធ្វើ។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃដដែលនេះ លោកស្រី គីម យ៉ូចុង ប្អូនស្រីលោកគីម ជុងអ៊ុន បានព្រមានថា ក្រុងព្យុងយ៉ាងនឹងបន្តចាត់វិធានការឆ្លើយតប នឹងការគំរាមកំហែង។ បើតាមលោកស្រី គីម យ៉ូចុង វាអាស្រ័យលើអាម៉េរិកថា តើកូរ៉េខាងជើងនឹងប្រើមហាសមុទ្រប៉ាស៊ីហ្វិកជាកន្លែងបាញ់មីស៊ីល។
 
គួររំឭកថា កូរ៉េខាងជើងកន្លងមក បានបញ្ជាក់ថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ក៏បានចោទសមយុទ្ធនោះផងដែរថា ធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com