អន្តរជាតិ
កូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ក្រោយបាញ់មីស៊ីល
20, Feb 2023 , 4:09 pm        
រូបភាព
មីស៊ីលកូរ៉េខាងជើង។ រូបភាព៖ KCNA
មីស៊ីលកូរ៉េខាងជើង។ រូបភាព៖ KCNA
កូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដោយផ្តោតលើកម្មវិធីអាវុធប្រទេសនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង។ ទណ្ឌកម្មនេះ ធ្វើឡើងក្រោយក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប និងបាលីស្ទិកចម្ងាយខ្លីពីរគ្រាប់។



 
ឧបទ្វីបកូរ៉េ កាន់តែមានភាពក្តៅគគុក ដោយសារតែកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប១គ្រាប់នៅថ្ងៃទី១៨ ខែកុម្ភៈ និងមីស៊ីលបាលីស្ទិកចម្ងាយខ្លីពីរគ្រាប់ថែមទៀត នៅថ្ងៃទី២០ ខែកុម្ភៈ ស្របពេលកូរ៉េខាងត្បូង និងអាម៉េរិក បានធ្វើសមយុទ្ធទ័ពអាកាសក្នុងថ្ងៃទី១៩ ខែកុម្ភៈ។ 
 
ក្រោយការបាញ់មីស៊ីលជាច្រើនលើកបែបនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងក្រុមហ៊ុនចំនួន៥ ដែលមានពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ក្រុមហ៊ុនទាំង៥នោះ មានដូចជាក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក សម្ភារប្រណិត និងពាណិជ្ជកម្ម។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលក្រុងសេអ៊ូលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី យូន សុកយ៉ល ដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង។ នៅដើមខែកុម្ភៈកន្លងមក បុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន ៧ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងលួចរូបិយវត្ថុគ្រីតូ។ 
 
ក្រោយការបាញ់មីស៊ីលជាច្រើនលើកបែបនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២០ ខែកុម្ភៈ បានអះអាងថា លោកនឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកពីប្រធានបទមីស៊ីលកូរ៉េខាងជើង។ 
 
សូមបញ្ជាក់ថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានចាប់សញ្ញាការបាញ់មីស៊ីលចេញពីតំបន់ Sukchon ក្នុងខេត្ត South Pyongan នៅចម្លោះម៉ោង៧ព្រឹក និងម៉ោង ៧ និង១១នាទី ក្នុងថ្ងៃទី២០ ខែកុម្ភៈ។ មីស៊ីលទាំងពីរនេះ ហោះបានចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ និង៣៤០គីឡូម៉ែត្រ៕
 
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  ជប៉ុន
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com