កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Man Utd ជំរុញអ្នកដេញថ្លៃទិញក្លិប គិតគូគុណភាពក្រុម និងគោរពសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា
21, Feb 2023 , 8:29 am        
រូបភាព
រាល់គ្រប់ម្ចាស់ថ្មីរបស់ក្លិប Manchester United គួរគិតគូរឱ្យបានខ្ពស់លើគុណភាពក្រុមដើម្បីបង្កើនលទ្ធភាពប្រជែងពាន Premier League និងចូលរួមគោរពដល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា (LGBT) ព្រមទាំងអ្នកកែភេទជាដើម។ នេះបើតាមការស្នើរបស់ក្រុមអ្នកគាំទ្រក្លិបបិសាចក្រហម Manchester United Supporters Trust (MUST) នៅថ្ងៃទី១៩ ខែកុម្ភៈ។



កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិប Man Utd បានប្រកាសបើកផ្លូវផ្តល់ឱកាសសម្រាប់ស្វែងរកម្ចាស់ថ្មី។ 
 
ការប្រកាសរបស់គ្រួសារ Glazer អ្នកជំនួញអាម៉េរិក ធ្វើឡើងក្រោយរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យមួយនេះ ព្រមទាំងរងការតវ៉ាឱ្យផ្លាស់ប្តូរថ្នាក់ដឹកនាំក្លិបជាច្រើនលើក ក្រោយក្រុមខកខានឈ្នះពានរង្វាន់នានាតាំងពីឆ្នាំ ២០១៧ មក។ 
 
ទោះជាយ៉ាងណាក្នុងរដូវកាល ២០២២-២៣ បិសាចក្រហមក្រោមការដឹកនាំរបស់លោក Erik ten Hag បានបង្ហាញទម្រង់លេងដ៏ល្អរបស់ពួកគេឡើងវិញគួរឱ្យភ្ញាក់ផ្អើល និងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ​នៃតារាង Premier League។ ​Man United ក៏កំពុងតែសម្លឹងឱកាសឈ្នះពានរង្វាន់លើកដំបូងរបស់ខ្លួន ដោយបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup ដោយត្រូវប្រកួតទល់ Newcastle នាថ្ងៃទី២៦ កុម្ភៈ។ ​
 
ក្រៅពីក្រុមបុរស ក្រុមនារីបិសាចក្រហមដែលទើបបង្កើតឡើងក្នុងឆ្នាំ ២០១៨ មកដល់បច្ចុប្បន្នកំពុងក្លាយជាក្រុមស្ថិតនៅកំពូលតារាងនៃក្របខណ្ឌលីគបាល់ទាត់ស្ត្រី Women’s Super League។ មើលឃើញពីភាពរីកចំរើនឡើងវិញនៃក្រុមបែបនេះក្រុមអ្នកគាំទ្រ MUST បានជំរុញដល់ម្ចាស់ក្លិបថ្មីរូបណាក៏ដោយ ប្រសិនបើឈ្នះការដេញថ្លៃក្លិបបិសាចក្រហមពេលខាងមុខ ត្រូវតែបន្តគាំទ្រគម្រោងដែលកំពុងដំណើរការនៃក្រុមនៅលើទីលានប្រកួតទាំងក្រុមបុរស និងក្រុមនារី។ 
 
«គ្រប់គ្នាអាចមើលឃើញហើយអំពីការវិវត្តិនៃក្រុម (ក្រុមបុរស និងនារី) នូវអ្វីដែលពួកគេកំពុងតែធ្វើនាពេលនេះ[…]។ វាបានបង្ហាញច្បាស់ណាស់អំពីអ្វីដែលក្រុមកំពុងតែបោះជំហ៊ានទៅមុខ ហើយអ្នកដេញថ្លៃណាមួយដែលទទួលបានក្លិបមួយនេះ ត្រូវតែប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងដំណើរវឌ្ឍនភាពមួយនេះ និងគាំទ្រផែនការ Manchester United ឱ្យបានរីកចម្រើនកាន់តែខ្លាំងឡើងដូចកាលពីមុនវិញ។ យើងក៏ជំរុញឱ្យម្ចាស់ក្លិបថ្មីធ្វើកិច្ចសន្ទនាជាមួយអ្នកគាំទ្រ គោរពដល់ក្រុមអ្នកគាំទ្រ ជាពិសេសគោរពដល់សិទ្ធិមនុស្សស្រលាញ់ភេទដូចគ្នា LGBT ផងដែរ។»។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកគាំទ្រ MUST លើបណ្តាញសង្គម Twitter។
 
ជាក់ស្តែងការទាមទារពីសំណាក់ក្រុមអ្នកគាំទ្រ MUST នេះបានធ្វើឡើងមុនរយៈពេលមួយថ្ងៃ ដែលក្លិបបិសាចក្រហមឈានដល់ថ្ងៃសម្រេចដាក់ឱ្យអ្នកមានចំណាប់អារម្មណ៍ចង់បានក្លិបនេះដេញថ្លៃដែលចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈទៅ។
 
មកដល់ពេលនេះ មានបេក្ខភាពជាច្រើនបានដាក់ដេញថ្លៃ មានដូចគ្នា មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliff ម្ចាស់ក្រុមហ៊ុន INEOS, កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតាលោក Sheikh Jassim Bin Hamad Al Thani, ក្រុមហ៊ុនវិនិយោគអាម៉េរិក Elliott៕
 
 
 

Tag:
 ​Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com