កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ដំឡើងថ្លៃសំបុត្រទស្សនាលើកដំបូង ក្រោយរក្សាតម្លៃថេរ ១១រដូវកាល 
×![]()
ក្លិប Manchester United បានដំឡើងថ្លៃសំបុត្រទស្សនាប្រកួតពេញមួយរដូវកាលសម្រាប់មនុស្សពេញវ័យចំនួន ៥ភាគរាយលើសពីតម្លៃចាស់ចាប់ពីរដូវកាលក្រោយ ២០២៣-២៤ តទៅ។ នេះជាការដំឡើងថ្ងៃលក់សំបុត្រលើកដំបូង ក្រោយរក្សាតម្លៃថេរ ១១រដូវកាលរួចមក។
បើតាមក្លិបរហស្សនាមបិសាចក្រហមបានប្រកាសនៅថ្ងៃទី២០ ខែកុម្ភៈ ការដំឡើងថ្លៃសំបុត្រក៏ព្រោះការចំណាយសម្រាប់រៀបចំការប្រកួតនានាមានតម្លៃថ្លៃជាងមុន ដោយរយៈពេល ៥ឆ្នាំចុងក្រោយតម្លៃចំណាយសម្រាប់ការប្រកួតបានកើនឡើងដល់ ៤០ភាគរយ ខណៈដែលរយៈពេល ១១ខែចុងក្រោយកើនឡើងជាង ១១ភាគរយបន្ថែមទៀត។
«ការដំឡើងថ្លៃសំបុត្រតិចតួចនេះ គិតចាប់ពីរដូវកាល ២០២៣-២៤ តទៅ។ នេះជាតម្រូវការក្លិបដើម្បីឱ្យក្លិបអាចបន្តដំណើរការនៅលើមូលដ្ឋាននេះប្រកបដោយនិរន្តរភាព។ យើងបានរក្សាការកើនតម្លៃយ៉ាងល្អនៅក្រោមអត្រាអតិផរណានាបច្ចុប្បន្ន […] សម្រាប់តម្លៃសំបុត្រនៅ Old Trafford ជាមួយនឹងអាហារនិងភេសជ្ជៈអំឡុងការប្រកួតនីមួយៗ នឹងបន្តស្ថិតក្រោមតម្លៃដ៏សមរម្យបំផុតមួយក្នុង Premier League។»។ នេះបើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ក្លិបបិសាចក្រហម។
លើសពីនេះ Man United បានបន្ថែមថា សំបុត្រការប្រកួតពេញមួយរដូវកាលសម្រាប់អ្នកគាំទ្រអាយុក្រោម ១៦ឆ្នាំ ស្ថិតនៅតម្លៃដដែល ខណៈដែលសំបុត្រសម្រាប់មនុស្សចាស់ចាប់ពីវ័យ ៦៥ឆ្នាំឡើងទៅ ទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ។
ការដំឡើងថ្លៃសំបុត្រ ៥ភាគរយពីសំណាក់ក្រុមបិសាចក្រហមត្រូវបានមើលឃើញថា កើនឡើងប្រមាណចំនួនត្រឹមតែ ១អឺរ៉ូ (១,២ដុល្លារ) ឬ ២អឺរ៉ូ (២,៤ដុល្លារ) តែប៉ុណ្ណោះក្នុងមួយសំបុត្រ។ Man United ក៏បាននិយាយត្រង់ចំណុចនេះថា ក្លិបប្រឈមតម្លៃអតិផរណា៥០ភាគរយនៃការលក់សំបុត្រផងដែរ។
បច្ចុប្បន្នក្លិបបិសាចក្រហមបន្តស្ថិតក្រោមការដឹកនាំរបស់ក្រុមគ្រួសារ Glazer នៅឡើយ ខណៈក្លិបកំពុងត្រូវស្ថិតក្រោមការដាក់ដេញថ្លៃសម្រាប់ស្វែងរកការគាំទ្រថ្មីពីសំណាក់ម្ចាស់ថ្មី។
បេក្ខភាពចំនួន ៣រូបកំពុងតែប្រដេញគ្នាដេញថ្លៃយកក្លិបបិសាចក្រហមរួមមាន មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ម្ចាស់ក្រុមហ៊ុន INEOS, លោក Sheikh Jassim Bin Hamad Al Thani កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា និងក្រុមហ៊ុនវិនិយោគ Elliot របស់អាម៉េរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com