ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ បន្តចាញ់បក្សកាន់អំណាច និងគ.ជ.ប នៅតុលាការកំពូល
23, Feb 2023 , 12:59 pm        
រូបភាព
លោក សុន ឆ័យ និងលោក ទាវ វណ្ណុល ស្ថិតក្នុងអង្គសមាជគណបក្សភ្លើងទៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ និងលោក ទាវ វណ្ណុល ស្ថិតក្នុងអង្គសមាជគណបក្សភ្លើងទៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 
តុលាការកំពូល តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ លើសំណុំរឿងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន «ទុកជាបានការ»។ សាលដីការបស់តុលាការកំពូល ស្តីពីការតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការនេះ ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


លោក កែត ឃី មេធាវីម្នាក់របស់លោក សុន ឆ័យ ប្រាប់សារព័ត៌មានថ្មីៗថា ទាំងក្រុមលោកជាមេធាវី ទាំងលោក សុន ឆ័យ ជាកូនក្តី អស់ផ្លូវតវ៉ាទៀតហើយ ដ្បិតសេចក្តីសម្រេចរបស់តុលាការកំពូល គឺជាសេចក្តីសម្រេចដែលបិទផ្លូវតវ៉ា។ លោក បន្តថា តុលាការកំពូល នឹងទម្លាក់សំណុំរឿងនេះ ទៅឲ្យតុលាការភ្នំពេញវិញ ដើម្បីអនុវត្តតាមច្បាប់។ 
 
លោកមេធាវីរូបនេះ បន្ថែមថា ក្នុងដំណាក់កាលនេះ ក្រុមមេធាវី និងលោក សុន ឆ័យ មានតែរង់ចាំមើលការអនុវត្តច្បាប់របស់តុលាការភ្នំពេញ ដែលបានសម្រេចរួចមកហើយប៉ុណ្ណោះ។ លោក មានប្រសាសន៍ដូច្នេះថា៖«យើង តវ៉ាអស់ហើយ នៅតែតុលាការកំពូល សម្រេចអ៊ីចឹងទៀត មិនដឹងនិយាយអីទៀតទេ»។ 
 
លោក សុន ឆ័យ ប្តឹងជំទាស់ទៅតុលាការកំពូល បន្ទាប់ពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ ហើយលោក ប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចាញ់ក្តីនៅតុលាការភ្នំពេញ។ លោក ត្រូវតុលាការភ្នំពេញ សម្រេចឲ្យបង់ប្រាក់ជាង៧,៣សែនដុល្លារ ទៅឲ្យគណបក្សប្រជាជនកម្ពុជា និងបង់ប្រាក់៩លានរៀល ទៅឲ្យគ.ជ.ប។ 
 
ពេលទៅដល់សាលាឧទ្ធរណ៍ លោក ក៏ត្រូវសាលាឧទ្ធរណ៍ សម្រេចឲ្យបង់ប្រាក់កាន់តែច្រើនជាងមុន។ សាលាឧទ្ធរណ៍ តម្រូវឲ្យលោក បង់ប្រាក់ជាង៩,៧សែនដុល្លារ ជូនទៅគណបក្សប្រជាជនកម្ពុជា (កើនជាង២,៤សែនដុល្លារ) និងបង់ប្រាក់១០លានរៀល ជូនទៅគ.ជ.ប (កើន១លានរៀល)។ ឯតុលាការកំពូល សម្រេចដូចសាលាឧទ្ធរណ៍ដដែល។ 
 
ដោយមើលឃើញថា លោក សុន ឆ័យ គ្មានឆន្ទៈក្នុងការបង់ប្រាក់ទៅឲ្យដើមបណ្តឹង តុលាការភ្នំពេញ បានរឹបអូសយកផ្ទះ២កន្លែងរបស់លោក គឺនៅភ្នំពេញ១កន្លែង និងនៅខេត្តសៀមរាប១កន្លែង។ 
 
មូលហេតុ ដែលនាំឲ្យដើមបណ្តឹងទាំង២ គឺគណបក្សកាន់អំណាច និងគ.ជ.ប ប្តឹងលោក ដោយសារលោក ធ្វើអត្ថាធិប្បាយតាមសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ៕ 
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com