Xavi Hernandez និយាយថា Barcelona នឹងជួបក្រុមបិសាចក្រហម Manchester United ដ៏អស្ចារ្យបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការប្រកួតជើងទីពីរនៃពានរង្វាន់ Europa League វគ្គជម្រុះ ៣២ក្រុម ក្នុងទឹកដី Old Trafford។
កាលពីជំនួបជើងទីមួយនៅកីឡដ្ឋាន Spotify Camp Nou នោះ Barcelona បានវាយបករហូតតាមស្មើក្នុងលទ្ធផល ២-២ ទល់ Man United ដែលមកពី Premier League កាលពីសប្តាហ៍មុន។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញជឿជាក់ថា កូនក្រុមរបស់លោកនឹងត្រូវធ្វើការងារធ្ងន់បំផុត សម្រាប់ការប្រកួតជើងទីពីរ ហើយជំរុញឱ្យកូនក្រុមបង្ហាញភាពអស្ចារ្យ ដែលពួកគេមានដើម្បីប្រជែងឆ្លងទៅវគ្គ ១៦ក្រុម។

«វានឹងក្លាយជាការប្រកួតដ៏លំបាកបំផុត Manchester United គឺជាក្រុមមួយដែលល្អបំផុតក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន ហើយពួកគេបានបង្ហាញវារាល់ការប្រកួតកន្លងមក។ អ្នកចាត់ការពួកគេលោក Erik ten Hag ពិតជាធ្វើការបានយ៉ាងអស្ចារ្យបំផុត ពួកគេគឺជាក្រុមមួយមានស្ថេរភាព ចិត្តគំនិតរួម ចំណង់ចំណូលចិត្តរួម នឹងចង្វាក់លេងដ៏ភ្ញាក់ផ្អើល យើងត្រូវតែធ្វើយ៉ាងណាឱ្យស្មើពួកគេនៅគ្រប់កម្រិត ហើយនឹងបង្ហាញអ្វីដែលជាក្បាច់របស់យើង។»។ Xavi បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់នាថ្ងៃទី២៣ ខែកុម្ភៈ។
ការលើកឡើងរបស់លោក Xavi បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះក្រុមបិសាចក្រហម ដោយផ្តោតឃើញលើការវិវត្តិដ៏លឿនជាក់ស្តែងនៃក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Ten Hag។ ៨ប្រកួតចុងក្រោយ Man United មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ខណៈបច្ចុប្បន្នកំពុងឈរនៅលំដាប់លេខ ៣ នៃ Premier League ដោយមាន ៤៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះ។
ចំណែក Barca របស់ Xavi ស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងនៃក្របខណ្ឌ La Liga ដោយមានពិន្ទុនាំមុខដាច់ក្រុមលេខ Real Madrid ដល់ទៅ ១១ពិន្ទុ។ អំឡុងការប្រកួតជើងទីមួយ ក្រុមបិសាចក្រហម ហាក់បានបង្ហាញសាច់ដុំខ្លួនទៅកាន់ Barca ដែលធ្វើឱ្យក្រុមមកពីអេស្ប៉ាញវិលមកប្រកួត នៅទឹកដីអង់គ្លេសហាក់មានសម្ពាធ។
មុនការប្រកួតមកដល់ក្នុងទឹកដី Old Trafford លោក Ten Hag បាននិយាយថា ក្រុមលោកបានត្រៀមយុទ្ធសាស្ត្ររួចរាល់ហើយ ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Barcelona ។ Ten Hag ក៏បានបន្ថែមថា លោកមានគំនិតសម្រាប់ជួយកូនក្រុមឱ្យមានប្រៀបលើ Barcelona។ បច្ចុប្បន្នទាំងក្រុម Barcelona និង Man United ត្រូវបានមើលឃើញថាជាក្រុមកំពុងជោគជ័យនៅអឺរ៉ុប។
សម្រាប់លោក Ten Hag ក្នុងសន្និសីទកាសែតមុនការប្រកួតលោកបានអះអាងដូច្នេះថា៖«អ្វីដែលយើងនឹងធ្វើ អ្នកគ្រប់គ្នានឹងមើលឃើញនៅថ្ងៃស្អែកនៅលើទីលាន យើងមានគំនិតមួយត្រៀមរួចហើយ។ យើងនឹងត្រូវលេងក្នុងការប្រកួតដ៏ធំ ជំនួបដ៏ធំ នៅពេលយើងនៅតូចៗ យើងធ្លាប់ស្រម៉ៃអំពីរឿងនេះ ដូច្នេះយើងនឹងរីករាយជាមួយប្រកួតនេះ យើងសម្លឹងទៅមុខ ជាមួយភាពរីករាយ យើងក៏នឹងបង្ហាញអំពីភាពអស្ចារ្យរបស់យើង។[…]»។
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ ក៏បានបន្ថែមពីសមាសភាពកីឡាករសម្រាប់ការប្រកួតទៀតថា ខ្សែការពារប្រធានក្រុម Harry Maguire និងខ្សែប្រយុទ្ធប្រេស៊ីល Antony នឹងមានវត្តមានជួយក្រុមក្រោយវិលត្រលប់ ដោយមានកាយសម្បទាពេញលេញ ១០០ភាគរយវិញ ។ ប៉ុន្តែ Anthony Martial ត្រូវអវត្តមានដដែលដោយសាររបួស។
ចំណែក Barcelona មុនការប្រកួតមកដល់ ពួកគេហាក់ជួបវិបត្តិកីឡាករសំខាន់ៗដូចជា Pedri និង Ousmane Dembele រងរបួសមិនអាចជួយក្រុ ខណៈដែលកីឡាករខ្សែបម្រើសំខាន់ម្នាក់ទៀត Gavi ជាប់បម្រាម៕