ជាតិ
វីដេអូ
និស្សិតផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ យុវតី ត្រូ បូរី មានមោទកភាពបានរួមចំណែកលើកស្ទួយស្រ្តីក្នុងវិស័យបច្ចេកវិទ្យា
26, Feb 2023 , 11:59 am        
រូបភាព
កញ្ញា ត្រូ បូរី សមាជិកក្រុម E-Robot។
កញ្ញា ត្រូ បូរី សមាជិកក្រុម E-Robot។
ភ្នំពេញ៖ កញ្ញា ត្រូ បូរី គឺជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បូរី បានចាប់យកជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ដោយសារការស្រឡាញ់ខាងផ្នែកបច្ចេកវិទ្យា លើសពីនេះ កញ្ញាមើលឃើញពីការចូលរួមរបស់នារីក្នុងវិស័យបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ យុវតីវ័យ២១ឆ្នាំរូបនេះ ចង់ឱ្យនារីខ្មែរ ផ្លាស់ប្តូរផ្នត់គំនិត ដោយជម្នះពាក្យថា ស្រី្តក៏អាចផលិតរ៉ូបូតបានដូចបុរសដែរ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ហេង ស្រីលីននិងកញ្ញា ត្រូ បូរី សមាជិកក្រុម E-Robot ដូចតទៅ៖

 
ស្ថិតក្នុងមហាស្រពពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី១៧ នៅឆ្នាំ២០២៣ ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដែលមានការ​ចូលរួមពីសំណាក់អ្នកបង្កើតរបបគំហើញថ្មីៗជាច្រើន សម្រាប់ដាក់បង្ហាញ ដោយមានជាង ២០០ស្តង់។ ក្នុងនោះ ក្រុមផលិតរ៉ូបូត ដែលមានឈ្មោះថា E-Robot បានដាក់តាំងបង្ហាញពីការបង្កើតថ្មីរបស់ខ្លួនផង ដូចជា កូនឡានបញ្ជាផលិតដោយសមាជិកក្រុម និងកូនឡានដែលសិស្សតាមបណ្តាខេត្តផលិតបាន។
 
ក្នុងនាមជាសមាជិកក្រុម E-Robot កញ្ញា ត្រូ បូរី ទទួលបានបទពិសោធជាច្រើន បន្ទាប់ពីធ្វើការអស់រយៈពេលជាង២ឆ្នាំមកនេះ។ ជាយុវតីស្ម័គ្រចិត្ត បូរី និងសមាជិកផ្សេងទៀត បានចូលរួមចែករំលែកការផលិតរ៉ូបូត នៅតាមវិទ្យាល័យ ក្នុងខេត្តនានា។
 
ការសម្រេចចូលរៀនដំបូង គ្រួសាររបស់ បូរី ហាក់មិនសូវពេញចិត្តនឹងកញ្ញានោះទេ ប៉ុន្តែហេតុតែស្រឡាញ់ និស្សិតស្រីមកពីខេត្តតាកែវរូបនេះ ព្យាយាមបកស្រាយជាច្រើនហេតុផល រហូតគ្រួសារពេញចិត្ត ។ ដោយឡែក ការសិក្សាជាមួយ E-Robot បានខិតខំស្រាវជ្រាវជាច្រើនតាមរយៈការសសេរកូដក្នុងកុំព្យូទ័រ សម្រាប់ផលិតកូនឡានបញ្ជា និងរ៉ូបូតផ្សេងទៀត។
 
និស្សិតវិទ្យាសាស្រ្តកុំព្យូទ័រ រូបនេះ លើកឡើងថា អំឡុងពេលរៀនជាមួយ E-Robot កញ្ញានិងសមាជិកក្រុម បានចុះចែករំលែកតាមខេត្ត។ ទន្ទឹមនឹងនោះ សមាជិកក្រុម មិនត្រឹមតែទទួលបានចំណេះដឹងប៉ុណ្ណោះនោះទេ ប៉ុន្តែ E-Robot បានចែករំលែកការសិក្សាពីរ៉ូបូតនេះ ដល់បណ្តាខេត្តដាច់ស្រយាល ដែលមិនទាន់ទទួលបានពីការរៀនពីបច្ចេកវិទ្យាទាំងនេះ។
 
«អំឡុងពេលខ្ញុំចូលមកក្នុងវិស័យបច្ចេកវិទ្យា ឃើញថាអត់សូវមានស្រី្តៗនោះទេ។ ខ្ញុំចង់បំបែកផ្នត់គំនិតមួយ ដែលគិតថាជំនាញហ្នឹងសម្រាប់តែបុរសទេ។ ខ្ញុំចង់ជម្នះ ដើម្បីឱ្យពួកគាត់ឃើញថា ស្រី្តអាចធ្វើបាន ផ្តល់ជាសមិទ្ធផលឱ្យពួកគាត់ឃើញ។» នេះជាការបញ្ជាក់របស់ កញ្ញា ត្រូ បូរី។ 
 
E-Robot បានបង្កើតឡើងក្នុងឆ្នាំ២០១៨ សម្រាប់ផ្តល់ឱកាសដល់យុវជនចូលរួមក្នុងការងារស្ម័គ្រចិត្ត ទាក់ទងនឹងបច្ចេកវិទ្យា។ ជាមួយគ្នានេះ E-Robot បានបង្រៀនពីការបង្កើតថ្មី អំពី Web, Mobile និង Robot ជាដើម។ បច្ចុប្បន្ន E-Robot មានសមាជិកសរុប ៥៦នាក់ ក្នុងនោះស្រី្តមានចំនួន ២៦នាក់៕
 

Tag:
 ThmeyThmey
  កញ្ញា ត្រូ បូរី
 ​ រ៉ូបូត
  វិស័យបច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com