Manchester United រកបានពានរង្វាន់លើកដំបូង ក្រោយខកខានរយៈពេលជិត ៦ឆ្នាំ។ Man Utd គ្រងជើងឯក EFL Cup បន្ទាប់ពីយកឈ្នះលើក្រុម Newcastle United ដោយលទ្ធផល ២-០ នារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងកីឡដ្ឋាន Wembley។
ជ័យជម្នះដ៏សំខាន់មួយនេះ ធ្វើបានដោយកីឡាករខ្សែបម្រើការពារ Casemiro ដែលទើបផ្លាស់មកក្នុងរដូវកាល ២០២២-២៣ នេះ ដោយការតែតបញ្ចូលទី នៅនាទី៣២ មុនពេលដែល Marcus Rashford ដែលកំពុងមានទម្រង់លេងល្អខ្លាំងស៊ុតគ្រាប់ទីពីរនាទី៣៩ ចំជើងខ្សែការពារ Sven Botman ធ្វើឱ្យចូលទីខ្លួនឯង។
ឈ្នះពាន EFL Cup នេះបានជួយ Man United ក្លាយជាក្រុមដែលឈ្នះពានរង្វាន់លំដាប់ទីពីរប្រចាំអង់គ្លេសមួយនេះចំនួន ៦លើក ក្នុងប្រវត្តិសាស្ត្រលើសក្រុមណាទាំងអស់។ ពានរង្វាន់នេះ ពិតជាសំខាន់ក្នុងការផ្តល់ទំនុកចិត្ត និងជាការបង្ហាញឱ្យឃើញភាពអស្ចារ្យរបស់ Man Utd ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់អ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag។
អតីតអ្នកចាត់ការ Ajax Amsterdam បានចូលដឹកនាំក្រុមនៅទឹកដី Old Trafford ក្នុងរដូវកាល ២០២២-២៣ នេះ ហើយរដូវកាលមុន Man United ជាក្រុមបានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ នៃតារាង Premier League តែប៉ុណ្ណោះ។ បិសាចក្រហមបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣។

ទោះបីជាលោក Ten Hag កំពុងតែបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលកើតឡើងវិញម្តងទៀត សម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យមួយនេះក្តី តែក្លិបបិសាចក្រហមដែលមានម្ចាស់ជាក្រុមគ្រួសារ Glazer សញ្ជាតិអាម៉េរិកបានដាក់ក្លិបលក់ ដើម្បីស្វែងរកការគាំទ្រពីម្ចាស់ថ្មី។ Man United បានបង្ហាញទម្រង់លេងដ៏ល្អប្រសើរខ្លាំងឡើងវិញ ដើម្បីប្រជែងពានរង្វាន់នានា ហើយមុនពេលប្រកួតផ្តាច់ព្រ័ត្រ EFL Cup បិសាចក្រហមទម្លាក់ជើងខ្លាំង Barcelona ចេញពីពានរង្វាន់ Europa League។
ក្រៅពីឈ្នះ EFL Cup នេះ Man United ក៏កំពុងតែបន្តប្រកួតប្រជែងនៅជុំទីប្រាំនៃពានរង្វាន់ FA Cup, ការប្រកួតវគ្គ ១៦ក្រុមនៃពានរង្វាន់ Europa League និងកំពុងប្រជែងពានរង្វាន់ Premier League ខណៈកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣។
រំលឹកទៅកាន់ដើមរដូវកាលវិញ លោក Ten Hag ហាក់បាក់មុខដោយសារតែការប្រកួត Premier league លើកដំបូងចាញ់ក្រុម Brentford លទ្ធផល ៤-០ ហើយនៅពេលប្រកួតប៉ះក្រុម Manchester City ចាញ់ក្នុងលទ្ធផល ៦-៣។ ចាប់តាំងពីចាញ់នៅទឹកដី Etihad បិសាចក្រហម ដែលមានខ្សែប្រយុទ្ធ Marcus Rashford បានប្រែក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចសម្រាប់ក្រុម និង Casemiro ជារនាំងដ៏រឹងមាំជួយបន្ថែមកម្លាំងដល់ក្រុម។

តំបន់ការពាររបស់បិសាចក្រហមត្រូវបានកសាងឡើងវិញ ដោយមានខែលការពារដ៏មាំ សំ ណាក់ខ្សែការពារចំណូលថ្មី Lisandro Martinez និង Raphael Varane ដែលមិនបណ្តោយឱ្យមានក្រុមគូប្រកួតណាស៊ុតរកគ្រាប់បាល់លើក្រុមបានដោយងាយៗនោះទេ។ ភាគច្រើននៃកីឡាករដែលលោក Ten Hag បាននាំចូលទាំងនៅដើមរដូវកាល និងពាក់កណ្តាលរដូវកាល សុទ្ធសឹងតែទទួលបានលទ្ធផលល្អ ជួយក្រុមមានភាពរីកចម្រើន។
យ៉ាងណាមិញពានរង្វាន់ដំបូងនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ សម្រាប់យុទ្ធសាស្ត្រដឹកនាំរបស់អ្នកចាត់ការវ័យ ៥២ឆ្នាំ ក្នុងការបង្ហាញឱ្យឃើញពីភាពឆ្លាតវៃរបស់ខ្លួន
ទៅកាន់អ្នកគាំទ្រដ៏ដូចជាក្លិបទាំងមូល។
«ឈ្នះពានរង្វាន់បង្ហាញថាការលះបង់ ការព្យាយាមរងទុក្ខនានា ពេលកន្លងមកគឺព្រោះតែដើម្បីឱ្យអ្នកទាំងអស់គ្នាមានសមត្ថភាពខ្ពស់ជារៀងរាល់ថ្ងៃ ហើយការខំប្រឹងទាំងនេះប្រសិនបើអ្នកចង់បង្ហាញអ្វីមួយដែលអ្នកត្រូវតែឈ្នះឱ្យបាន។ ឈ្នះពានរង្វាន់នេះ បង្ហាញថាយើងកំពុងតែដើរលើផ្លូវមួយដ៏បំផុត យើងនឹងរីករាយជាមួយការឈ្នះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះយើងត្រូវបន្តដំណើរទៀត។ ខ្ញុំសង្ឃឹមថានេះជាការផ្តល់នូវកម្លាំងចិត្តសម្រាប់យើង ដើម្បីបន្តធ្វើរឿងដ៏ត្រឹមត្រូវ។»។ លោក Ten Hag បាននិយាយប្រាប់អ្នកកាសែតបែបនេះ ក្រោយចប់ការប្រកួត៕