ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី និងអ្នកជំនិត៖ លោក កឹម សុខា មិនទៅបក្សភ្លើងទៀន ឡើយ
27, Feb 2023 , 5:29 pm        
រូបភាព
លោក មុត ចន្ថា បង្ហាញរឿងអ្វីមួយក្នុងទូរស័ព្ទឲ្យលោក កឹម សុខា មើល។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា
លោក មុត ចន្ថា បង្ហាញរឿងអ្វីមួយក្នុងទូរស័ព្ទឲ្យលោក កឹម សុខា មើល។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា
ដោយ៖ ទេពញាណ
ថ្នាក់ដឹកនាំបក្សភ្លើងទៀន ​ចង់បានលោក កឹម សុខា ពេលលោក រួចផុតពីចំណងក្តីក្តាំ។ តែមេធាវី និងអ្នកជំនិតរបស់លោក ឆ្លើយជំនួសលោកថា «មិនអាចទេ»។

 
លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា ហ៊ានអះអាងដោយភាពច្បាស់លាស់យ៉ាងដូច្នេះថា៖«ជានិច្ចជាកាល ខ្ញុំ តែងតែនៅជាប់ជាមួយឯកុឧត្តម កឹម សុខា។ រហូតមកដល់ពេលនេះ ខ្ញុំ ស្គាល់ច្បាស់ និងដឹងយ៉ាងប្រាកដអំពីទស្សនៈ គោលការណ៍ និងគោលជំហររបស់ឯកឧត្តម កឹម សុខា ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ គឺ លោក នឹងមិនទៅដឹកនាំបក្សភ្លើងទៀន ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
 
រីឯ លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា បង្ហាញការជឿជាក់យ៉ាងមុតមាំបែបនេះថា៖«សរុបមក ឯកឧត្តម កឹម សុខា មិនដើរចូលអន្ទាក់របស់អ្នកនយោបាយ […] ទាំងនោះឡើយ ព្រោះគាត់ ស្គាល់ល្បិចកលអ្នកទាំងនោះច្បាស់ដូចបាតដៃ»។ 
 
ការបដិសេធរបស់លោកទាំង២ សុទ្ធតែធ្វើឡើងតាមរយៈសំណេរ ដែលបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ដូចគ្នា។ លោកទាំង២ ចេញមកបដិសេធជំនួសលោក កឹម សុខា បន្ទាប់ពីបានឮលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ទើបប្រកាសក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្នុងឋានៈជាថ្នាក់ដឹកនាំម្នាក់របស់គណបក្សភ្លើងទៀន លោក នឹងសម្របសម្រួលឲ្យមានការអញ្ជើញលោក កឹម សុខា ទៅដឹកនាំគណបក្សភ្លើងទៀន បើលោក កឹម សុខា ត្រូវតុលាការ ទម្លាក់ចោលបទចោទ។  
 
«ឧបមាថា នៅពេលប្រកាសលទ្ធផលរបស់បង កឹម សុខា នៅថ្ងៃទី៣មីនាខាងមុខ ខ្ញុំ ហ៊ានអះអាងជួសថ្នាក់គណបក្សភ្លើងទៀត ថា បើបងកឹម សុខា មានសេរីភាពបានមកធ្វើនយោបាយ ពេលហ្នឹង ខ្ញុំ នឹងចេញមកសម្របសម្រួលបើកផ្លូវឲ្យបងកឹម សុខា មក។ មិនចាំបាច់ឲ្យគាត់មកសុំទេ យើង នឹងអញ្ជើញគាត់មកដឹកនាំគណបក្សភ្លើងទៀន»។ នេះជាសម្តីរបស់លោក រ៉ុង ឈុន។  
 
លោក រ៉ុង ឈុន បន្តថា បើទទួលបានលោក កឹម សុខា មែននោះ កម្លាំងអ្នកប្រជាធិបតេយ្យរបស់គណបក្សភ្លើងទៀន នឹងកាន់រីកធំធាត់ សម្រាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣។ លោក បន្ថែមថា ការប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ គឺជាគោលការណ៍របស់គណបក្សភ្លើងទៀន។ 
 
លោក មុត ចន្ថា និងលោកមេធាវី ចាន់ ចេន លើកហេតុផល២យ៉ាងដូចគ្នា មកធ្វើអំណះអំណាងថា លោក កឹម សុខា មិនអាចទៅចូលរួមជាមួយគណបក្សភ្លើងទៀន។ ទី១ អ្នកដែលមាននិន្នាការខាងគណបក្សភ្លើងទៀន ឬអ្នកនយោបាយក្នុងគណបក្សនេះ ធ្លាប់វាយប្រហារលោក កឹម សុខា។ ទី២ អាជ្ញាធរ មានភស្តុតាង ដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធគ្នារវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាមួយលោក សម រង្ស៊ី ជាអ្នកទោស ដែលកំពុងរស់នៅឯប្រទេសបារាំង។ 
 
ចំពោះលោក មុត ចន្ថា លោក នៅមានហេតុផល១បន្ថែមទៀត គឺ ទស្សនៈ គោលការណ៍ និងគោលជំហររបស់មេដឹកនាំបក្សភ្លើងទៀន ផ្ទុយស្រឡះពីលោក កឹម សុខា។ 
 
គួរចាប់អាម្មរណ៍ថា គេ កំពុងរង់ចាំមើលការប្រកាសសាលក្រមរបស់តុលាការភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លើសំណុំរឿងរបស់លោក កឹម សុខា។ លោក កឹម សុខា អាចមានសេរីភាពពេញលេញ ហើយអាចចូលធ្វើនយោបាយវិញទាន់ការបោះឆ្នោត ឬក៏អត់ គឺអាស្រ័យលើសាលក្រមនាពេលនោះហើយ៕ 
 

Tag:
 កឹម សុខា
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com