ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រុងចំនួន ៦ និងខណ្ឌចំនួន១ ត្រូវបានជាប់ជ័យលាភីទីក្រុងស្អាត ផ្ការំដួល៣ទង ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ»។ ក្រុងព្រះសីហនុបានបន្តគ្រងតំណែងជ័យលាភីទីក្រុងស្អាត «ផ្ការំដួល៣ទង» ជាលើកទី៣ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងក្នុងកម្មវិធីទីក្រុងស្អាត ចាត់ទុកជ័យលាភីនេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធកន្លងមក។ លើសពីនេះ អាជ្ញាធរខេត្ត កំពុងមមាញឹក រៀបចំទីក្រុងព្រះសីហនុ ដូចជាពង្រឹងផ្នែកសន្តិសុខ សុវត្ថិភាព បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀត។
អភិបាលខេត្តរូបនេះ បានជំរុញឱ្យអាជីវកម្មទាំងអស់ក្នុងខេត្តបន្តដាំដើមឈើ ថែរក្សាសួនបៃតង និងបរិស្ថានអនាម័យឱ្យកាន់ស្អាត។ បើតាមលោក ចំរើនអាជ្ញាធរបានដាក់ធុងសំរាមជាច្រើន នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តដើម្បីទេសចរទៅកម្សាន្ត ងាយស្រួលរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានល្អ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
បេក្ខភាពទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល៣ទង ទាំងនោះរួមមាន ក្រុងព្រះសីហនុ ក្រុងបាត់ដំបងក្រុងសៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុងកំពត និងក្រុងកំពង់ចាម។
ចំណែកឯ ក្រុងចំនួន១៤ និងខណ្ឌ ៣ ត្រូវបានជាប់ជ័យលាភីទីក្រុងស្អាត ផ្ការំដួល២ទង រួមមានក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសិរីសោភ័ណ ,ក្រុងស្ទឹងសែន, ក្រុងសួង, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ, ខណ្ឌទួលគោក, ខណ្ឌ៧មករា និងខណ្ឌដង្កោ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យបេក្ខភាព ដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ផ្ការំដួល ៣ទង បន្តខិតខំអនុវត្តការងារ និងពង្រឹងលក្ខណសម្បត្តិខ្លួនថែមទៀត ដើម្បីទទួលចំណាត់ថ្នាក់កាន់តែល្អប្រសើរ និងជាប់ជ័យលាភីផ្ការំដួល៣ទងនេះ។

លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
គួរបញ្ជាក់ថា មូលដ្ឋាននៃការវាយតម្លៃទីក្រុងស្អាត ផ្អែកលើសូចនាករចំនួន៧ចំណុច។ ទី១ សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន ,ទី២ សូចនាករនៃភាពស្អាត ,ទី៣ សូចនាករនៃការគ្រប់គ្រងសំណល់ ,ទី៤ សូចនាករនៃការបញ្ជ្រាបការយល់ដឹង ,ទី៥ សូចនាករនៃតំបន់បៃតង ,ទី៦ សូចនាករសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និងទី៧ សូចនាករនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ លំដាប់ពិន្ទុសម្រាប់ជ័យលាភីផ្ការំដួល៣ទង ចន្លោះពី ៤១និង ១១៣ នៃលក្ខណៈវិនិច្ឆ័យ ស្មើនឹង ១២០ពិន្ទុ៕

រូបភាពពី៖ កញ្ញា ហេង ស្រីលីន

រូបភាពពី៖ កញ្ញា ហេង ស្រីលីន

រូបភាពពី៖ កញ្ញា ហេង ស្រីលីន