ជាតិ
ខេត្តកោះកុង រំពឹងទទួលបានទេសចរកាន់តែច្រើន ក្រោយស្ថាបនាផ្លូវហើយ 
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តកោះកុង (2)
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ខេត្តកោះកុង មានកន្លែងទេសចរណ៍ជាច្រើន រួមមាន តំបន់ឆ្នេរ, តំបន់អេកូទេសចរណ៍ធម្មជាតិ, ទឹកធ្លាក់, ព្រៃកោងកាង, ផ្កាថ្ម, កោះខ្យង,កោះស្ដេច និងកោះធម្មជាតិមួយចំនួនទៀតជាដើម។
លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង រំពឹងថា ខេត្តកោះកុងនឹងមានទេសចរច្រើន នៅពេលផ្លូវជាតិ៤៨ និងផ្លូវជាតិលេខ១០ សាងសង់រួច ដែលជាផ្លូវតភ្ជាប់ពីខេត្តព្រះសីហនុ-ខេត្តបាត់ដំបង មកខេត្តកោះកុង។

លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
តាមរយៈផលិតផលទេសចរណ៍ដែលកំពុងកកើត និងមានស្រាប់ លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានលើកឡើងពី «សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង» កាលពីថ្ងៃទី២១ កុម្ភៈ ថា ទេសចរជាតិ និងអន្តរជាតិ នឹងទៅកម្សាន្តនៅកោះកុង លើសពី៥០ម៉ឺននាក់ឡើងទៅ បន្ទប់ពីផ្លូវជាតិ៤៨ និងផ្លូវជាតិលេខ១០ សាងសង់រួច។
បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ភ្ញៀវទេសចរភាគច្រើនទៅលេងនៅតាមសហគមន៍ការពារធម្មជាតិពាមក្រសោប រមណីយដ្ឋានឆ្នេរកោងកាង តំបន់ទឹកធ្លាក់តាតៃ និងតំបន់ផ្សេងទៀត ដែលសម្បូរទៅដោយធនធានធម្មជាតិ និងមានបរិយាកាសស្ងប់ស្ងាត់។ ចំណែកឯ ផ្ទះស្នាក់ក្នុងសហគមន៍ជាង៤០កន្លែង ក្នុងសហគមន៍ជីផាត និងអារ៉ែង ក៏ជាគោលដៅយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តមួយនេះផងដែរ។

រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តកោះកុង
ជាមួយគ្នានេះ ឆ្នាំ២០២២ ខេត្តកោះកុងទទួលបានទេសចរចំនួន ៤៣៥ ៩០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៤៣០ ០៤២នាក់ និងទេសចរអន្តរជាតិចំនួន ៥ ៨៦១នាក់។ ទិន្នន័យភ្ញៀវទេសចរនេះ មានការកើនឡើងចំនួន ២០៦ ៦៥៦នាក់ ស្មើរនឹង៩១ភាយរយ បើធៀបទៅនឹងឆ្នាំដូចគ្នានៃឆ្នាំ២០២១។
សូមបញ្ជាក់ថា ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិចជាប់នឹងឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និងឈូងសមុទ្រថៃ៕
Tag:
ThmeyThmey25
ទេសចរណ៍
ខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com