កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជាប់ជា Best FIFA Player ឯគ្រូ អ្នកចាំទី និងអ្នកគាំទ្រអាហ្សង់ទីនឈ្នះរៀងខ្លួន
28, Feb 2023 , 10:20 am        
រូបភាព
Lionel Messi ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២២ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA (Best FIFA Player of the Year) ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​លើស​មិត្តរួមក្រុម Kylian Mbappe និង Karim Benzema របស់ Real Madrid​។ លោក Lionel Scaloni គ្រូអាហ្សង់ទីនជាប់ជា​គ្រូ​ល្អ​បំផុត (The Best FIFA Men’s Coach) ​ឯអ្នកចាំទីបានទៅ Emiliano Martinez របស់ក្រុម Aston Villa និងជម្រើសជាតិអាហ្សង់ទីន។


​​ពិធី​ប្រគល់​ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោម​ការរៀបចំ​របស់​ FIFA​។ Messi ខ្សែប្រយុទ្ធ​ Paris St-Germain ជាប់​ជា Best FIFA Player ឆ្នាំ២០២២ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក​។ ពី​កម្ពុជា លោក អ៊ឹង ចំរើន នាយកប្រតិបត្តិ​សារព័ត៌មាន​ថ្មីៗ ក៏​មានឈ្មោះចូលរួមបោះឆ្នោត​នេះផងដែរ​។​
 
ក្នុងវ័យ៣៥ឆ្នាំ Messi ​អាច​ស៊ុត​បញ្ចូល​ទី​បាន​២៧​គ្រាប់ ពី​ការប្រកួត​៤៩​លើកសម្រាប់ជម្រើសជាតិ និងក្លិបនៅ​រដូវ​កាល​មុន និង​ជា​សមាជិក​សំខាន់​ក្នុង​ការជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅកាតា។​
 
 គ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni ដែល​បាន​ជួយដឹកនាំអាហ្សង់ទីនឈ្នះ​ World Cup ​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បុរស​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ FIFA ដោយ​ប្រជែង​ឈ្នះ​លោក Pep Guardiola អ្នកចាត់ការ Manchester City និង​អ្នកចាត់ការ​ទូទៅ Real Madrdi លោក Carlo Ancelotti​។​
 
ចំណែកអ្នកចាំទីក៏បានទៅសមាជិកជម្រើសជាតិអាហ្សង់ទីនដូចគ្នា។ ​អ្នកចាំទី​ល្អ​បំផុត The Best FIFA Goalkeeper បាន​ទៅ Emiliano Martinez របស់ក្រុម Aston Villa និង​ជម្រើសជាតិ​អាហ្សង់ទីន​។​ Martinez វ័យ៣០ឆ្នាំ បង្ហាញភាពលេចធ្លោនៅព្រឹត្តិការណ៍ World Cup នៅកាតា ដើម្បីជួយក្រុមឈ្នះពាន។
 
អ្នកគាំទ្រល្អបំផុត (The Best fan award) ក៏បានទៅអ្នកគាំទ្ររបស់ក្រុមអាហ្សង់ទីនផងដែរ។
 
​ Marcin Oleksy កីឡាករបាល់ទាត់ជនពិការរបស់ក្លិប Warta Poznan និងជម្រើស​ជាតិប៉ូឡូញ ឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត Puskas Award​។ គ្រាប់​បាល់​ដែល Oleksy ឈ្នះ​នោះ​កើត​ក្នុងជំនួប​រវាង Poznan និង Stal Rzeszow រដូវ​កាល​មុន តាមរយៈការទាត់កាប់ចាន​ ដោយប្រើឈើច្រត់ជាជន្ទុល។
 
​ដោយឡែក​ផ្នែក​ស្ត្រី​វិញ​ខ្សែប្រយុទ្ធ​ក្រុម Barcelona និង​ជម្រើសជាតិ​អេស្ប៉ាញ Alexia Putellaឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ (Best women's player award)។
 
​ជម្រើស​១១​នាក់​ល្អ​បំផុត​របស់ FIFA (FIFA FIFPro World11) ប្រចាំឆ្នាំ២០២២ មានខ្សែប្រយុទ្ធដល់ទៅ៤រូប៖
 
+​អ្នកចាំទី​: Courtois 
+​ខ្សែការពារ​: Virgil van Dijk, Achraf Hakimi  និង Cancelo 
+​ខ្សែបម្រើ : Kevin De Bruyne, Casemiro និង Lukar Modric
+​ខ្សែប្រយុទ្ធ : Lionel Messi, Karim Benzema, Haaland និង Mbappe​៕
 

Tag:
 Best FIFA Player
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com