ជាតិ
សម្តេច ហ៊ុន សែន ជំរុញឱ្យសណ្ឋាគារគាំទ្រផលិតផលក្នុងស្រុក 
សម្តេច ហ៊ុន សែន ថ្លែងក្នុងទិវាជាតិ ទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»។ រូបភាពពី SPM
×![]()
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់។ ទន្ទឹមនឹងការទទួលបានទេសចរ កម្ពុជាក៏ត្រូវជំរុញលើកការអភិវឌ្ឍទីក្រុង ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែង និងបង្កើតភាពទាក់ទាញផ្នែកទេសចរណ៍។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានជំរុញឱ្យបណ្តាសណ្ឋាគារគាំទ្រផលិតផលក្នុងស្រុក និងត្រូវចាត់ទេសចរជាទីផ្សាររបស់កសិករផងដែរ។
ទិវាជាតិ ទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» និងការប្រគល់ជ័យលាភី ទីក្រុងស្អាត ផ្ការំដួល៣ទង សុពលភាពឆ្នាំ២០២៣-២០២៥ បានរៀបចំកាលពីថ្ងៃទី២៧ ខែកុម្ភៈ។ ក្នុងនោះ សម្តេច ហ៊ុន សែន លើកឡើងពីការជំរុញរៀបចំការអភិវឌ្ឍទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម វិទ្យាសាស្រ្ត ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។
ការបន្តអភិវឌ្ឍន៍ទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ចូលរួមដល់ការជំរុញវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង មានលក្ខណៈសមាហរណ័កម្មជាមួយអន្តរវិស័យ ។ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីលើកតម្កើងនៃការបែងចែកផ្លូវការនៃកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍។
ក្នុងទិវាជាតិ ទីក្រុងស្អាត សម្ដេច ហ៊ុន សែន អះអាងថា ទស្សនាទាននៃការនាំចេញផលិតផល មិនគិតត្រឹមតែនាំចេញទៅក្រៅប្រទេសនោះឡើយ។ សម្ដេច ចង់ឱ្យបណ្តាម្ចាស់សណ្ឋាគារ គាំទ្រផលិតផលក្នុងស្រុកឱ្យអស់ពីលទ្ធផល សម្រាប់ឆ្លើយតបលើកំណើនទេសចរផ្សារភ្ជាប់ ជាមួយនឹងបណ្តាញផ្គត់ផ្គង់ដែលកសិករ បានផលិត និងដាំដុះ។
«យើងធ្លាប់និយាយអំពីខ្សែក្រវ៉ាត់បៃតង ដែលយើងចង់ប្រើប្រាស់នូវស្ថានភាពនៃបណ្តាទីក្រុងដែលមានទេសចរច្រើន ដើម្បីផ្គត់ផ្គង់ទៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន សម្រាប់ផ្គត់ផ្គង់ដល់ទេសចរ ហើយយើងចាត់ទុកទេសចរ ជាទីផ្សាររបស់កសិករ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។
សម្តេច បន្ថែមថា ទីផ្សារបានក្លាយជាបញ្ហាចោទ ព្រោះបច្ចុប្បន្ន ប្រជាជនគឺត្រូវការទីផ្សារសម្រាប់លក់ដូរ ដូច្នេះធ្វើយ៉ាងណាត្រូវរកគ្រប់វិធីដើម្បីឱ្យផលិតផលកសិករអាចលក់បាន។ ក្រៅពីរកទីផ្សារនៅក្រៅប្រទេស គ្រប់វិស័យដែលពាក់ព័ន្ធ ត្រូវតែខិតខំឱ្យកសិករមានលទ្ធភាព ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកផងដែរ៕
Tag:
ThmeyThmey25
ទេសចរណ៍
ទីផ្សារក្នុងស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com