កីឡាអន្តរជាតិ
អន្តរជាតិ
​​FA ពិន័យ Man Utd និង Crystal ជាង៦,៦ម៉ឺនដុល្លារ​ ករណីកីឡាករប៉ះទង្គិចគ្នាខ្លាំងក្នុងការប្រកួត
02, Mar 2023 , 2:28 pm        
រូបភាព
ក្រុម​​ Manchester United និង​ Crystal Palace រងពិន័យរៀងខ្លួនជាទឹកប្រាក់ ៥៥០០០អឺរ៉ូ (៦៦៥០៦ដុល្លារ) ក្រោយក្រុមទាំងពីរ ប៉ះទង្គិចគ្នាខ្លាំងក្នុងការប្រកួត Premier League ​កាលពីដើមខែកុម្ភៈ។ ​នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ថ្ងៃទី១ ខែមីនា។

 
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងក្រុមទាំងសងខាងបានកើតឡើងក្នុងវគ្គទីពីរ នៃជំនួបលីកកំពូលអង់គ្លេសនៅថ្ងៃទី៤ ខែកុម្ភៈ ដែលកាលនោះ​ Man United បានយកឈ្នះក្នុងលទ្ធផល ២-១។ 
 
ការប៉ះទង្គិចនោះធ្វើឱ្យខ្សែបម្រើការពារ Casemiro ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយរូបគេបានបង្ហាញកាយវិការយកដៃទៅចាប់កកីឡាករ Will Hughes ក្រោយពេលកីឡាករក្រុមទាំងពីរប្រឈមមុខដាក់គ្នាលើបញ្ហាកីឡាករ​ Crystal Palace ម្នាក់ប៉ះទង្គិចលើ Antony។
 
ក្រុមបិសាចក្រហមបានទទួលយកកំហុស ដោយថាខ្លួនបានបរាជ័យក្នុងការរារាំងកីឡាករក្នុងការរក្សាកីឡាករក្រៅទីលានប្រកួតឱ្យមានរបៀបរៀបរយ តែបានបដិសេធចំពោះអាកប្បកិរិយា​បង្កហេតុក្នុងការប្រកួត។ ក្រុម Crystal Palace បដិសេធចំពោះការចោទប្រកាន់ទាំងនេះ។
 
«គណកម្មាធិការនិយតកម្មឯករាជ្យ បានរកឃើញអំពីបទចោទប្រកាន់​ប្រឆាំងទៅនឹងក្រុម Crystal Palace ជាបន្តបន្ទាប់ហើយបានកំណត់ការផាកពិន័យលើក្លិបទាំងពីរ។»។ នេះបើតាមការលើកឡើងរបស់ FA។
 
មកដល់ពេលនេះក្រុម​​ Man United ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៣ នៃតារាង Premier league ហើយពួកគេទើបតែទម្លាក់ក្រុម West Ham United ពីពាន FA Cup ដោយយកឈ្នះលទ្ធផល ៣-១ និងបន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ។ Crystal Palace ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១២។
 
ដោយឡែកកាលពីថ្ងៃទី២៤ កុម្ភៈ FA ក៏បានដាក់ពិន័យលើក្រុម Liverpool និង Everton លើបញ្ហាការប៉ះទង្គិចគ្នាផងដែរក្នុងជំនួប Merseyside Derby ដែលការប្រកួតធ្វើឡើងកាលពីថ្ងៃទី១៣ កុម្ភៈ។ Liverpool រងពិន័យ ២៥០០០ដុល្លារ ខណៈដែល Everton រងពិន័យជាង ៤៨,២៥៦ដុល្លារ៕
 
 

Tag:
 FA
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com