ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បញ្ជាឱ្យក្រសួងវប្បធម៌ ពិនិត្យលើរូបពុទ្ធបដិមា ដែលត្រូវយកទៅដាក់ទីអារ៉ាម និងសក្ការៈនានា
02, Mar 2023 , 5:29 pm        
រូបភាព
ពីពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី២ មីនានេះ សម្ដេច ហ៊ុន សែន បញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលើការចម្លាក់រូបពុទ្ធបដិមា មុននឹងយកទៅដាក់តាមទីអារ៉ាម និងទីសក្ការៈនានា ដើម្បីកុំឱ្យខុសពីទម្រង់ដើម។

 
សម្ដេច ហ៊ុន សែន បានកត់សម្គាល់ថា រូបពុទ្ធបដិមាខ្លះ មានការឆ្លាក់ទម្រង់ព្រះភ័ក្រ្ត និងទម្រង់ខុសពីទ្រង់ទ្រាយដើម ដែលនាំឱ្យពលរដ្ឋ និងយុវជនជំនាន់ក្រោយមានការភាន់ច្រឡំ។  «ព្រះពុទ្ធ ចាក់ពុម្ពចុះឡើង មិនដឹងបែរមុខទៅណា»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា រូបព្រះភ័ក្រ្តរបស់ពុទ្ធបដិមាខ្លះ មិនមែនញញឹមទេ បែរជាឆ្លាក់ចេញទៅជាមុខចង់យំទៅវិញ។
 
សម្ដេច បន្ថែមថា បើពេលឆ្លាក់ ឬចាក់ពុម្ពខុសហើយ វានឹងធ្វើឱ្យពិបាកកែតម្រូវវិញណាស់ នៅពេលរៀបអភិសេភហើយ ព្រោះពលរដ្ឋ មានអបិជំនឿលើរូបពុទ្ធបដិមា។ ដូច្នេះពលរដ្ឋ នឹងគោរពរូបបដិមានោះ ទោះបីខុសទ្រង់ទ្រាយដើមក្តី។
 
«ពេលអភិសេភហើយ គ្មានអ្នកណាទៅប៉ះពាល់បានទេ លើកលែងតែអាពត (ប៉ុល ពត) ដែលទៅវាយចោលនោះ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលប្រាប់ឱ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់ត្រួតពិនិត្យលើករណីនេះ។
 
ចំណែកជាងចម្លាក់រូប ត្រូវមានជំនាញច្បាស់លាស់លើការឆ្លាក់រូបពុទ្ធបដិមាដែរ ដោយមិនត្រូវឆ្លាក់រូបតាមការស្រមើស្រមៃនោះទេ។ មិនមែនតែពុទ្ធបដិមាទេ សូម្បីតែរូបចម្លាក់បុព្ធបុរស និងរូបនានា ដែលពលរដ្ឋ មានជំនឿ និងគោរពនោះ ក៏ត្រូវឆ្លាក់ឱ្យត្រូវតាមទ្រង់ទ្រាយដើមដែរ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com