ជាតិ
នយោបាយជាតិ
លោក កឹម សុខា ជាប់ទោស២៧ឆ្នាំ តែរស់នៅក្នុងផ្ទះ ហើយមិនអាចធ្វើនយោបាយមួយជីវិត លោក កឹម សុខា អង្គុយនៅមុខផ្ទះកន្លងមក។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា
× តុលាការភ្នំពេញ ដាក់ទោសលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ តែលោក មិនត្រូវបញ្ជូនទៅឲ្យរស់នៅក្នុងពន្ធនាគារឡើយ ដោយអនុញ្ញាតឲ្យរស់នៅក្នុងផ្ទះ។ នេះបើតាមលោក អាង ឧត្តម មេធាវីម្នាក់របស់លោក កឹម សុខា ដែលប្រាប់ក្រុមអ្នកកាសែត ក្រោយចេញពីសវនាការ។
តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការដាក់ទោសលើលោក កឹម សុខា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។ ក្រៅពីការដាក់ទោសឲ្យរស់នៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ តុលាការ បានដកសិទ្ធិនយោបាយជាស្ថាពរពីលោក កឹម សុខា ថែមទៀត។ ការដកសិទ្ធិនយោបាយជាស្ថាពរ មានន័យថា មិនអាចធ្វើនយោបាយអស់មួយជីវិត។
លោកមេធាវី អាង ឧត្តម ប្រាប់ថា ក្រោយចប់សវនាការ លោក កឹម សុខា ក៏បានធ្វើដំណើរទៅផ្ទះវិញ។ លោកមេធាវីរូបនេះ អះអាងដូច្នេះថា៖«អត់ត្រឹមត្រូវ អត់យុត្តិធម៌ អត់ទទួលយកបានទេ»។ លោកមេធាវីដដែល បន្តថា ក្រុមមេធាវី ចង់ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវរង់ចាំការសម្រេចពីលោក កឹម សុខា ជាកូនក្តីសិន។
សូមរម្លឹកថា លោក កឹម សុខា ត្រូវចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការ ចំណាយពេលអស់៥ឆ្នាំកន្លះ ទម្រាំឈានដល់ការប្រកាសសាលក្រមនាពេលនេះ។ គេ ឃើញមានអ្នកនយោបាយក្រៅរដ្ឋាភិបាល មន្រ្តីសង្គមស៊ីវិល និងក្រុមអ្នកកាសែត នៅមុខតុលាការភ្នំពេញ ដើម្បីតាមដានមើលការប្រកាសសាលក្រមនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com