បណ្តាក្រុមហ៊ុននាំចេញរបស់រុស្ស៊ីទទួលយកការទូទាត់ជាប្រាក់យ័ន ស្របពេលដែលប្រាក់កម្ចីអាជីវកម្ម និងការសន្សំរបស់ប្រជាជនក៏ត្រូវបានធ្វើឡើងជារូបិយប័ណ្ណនេះផងដែរ។ ការបង្កើនការទូទាត់ប្រាក់យ័នបិយប័ណ្ណអន្តរជាតិនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។
ចាប់តាំងពីឆ្នាំ២០១៤ រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីខ្លួនបានបញ្ចូលតំបន់គ្រីមៀ ខណៈនៅឆ្នាំ ២០១៨ នៅពេលដែលអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែច្រើន រុស្ស៊ីបានចាប់ផ្តើមលក់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងស្វែងរកការជួញដូរជារូបិយបណ្ណ័រូប្លិ ក៏ដូចជារូបិយប័ណ្ណផ្សេងទៀត។
ទន្ទឹមនេះ កាលពីឆ្នាំមុនរុស្ស៊ីក៏បានកាត់បន្ថយការប្រើប្រាស់ប្រាក់អឺរ៉ូជាបណ្តើរៗផងដែរ។ វិបត្តិសង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យលោកខាងលិចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ដោយរាប់ចាប់ពីការបង្កកទុនបម្រុងរបស់ខ្លួននៅបរទេស រហូតដល់ការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT ។
តម្រូវការប្រាក់យ័នបានកើនឡើងយ៉ាងខ្លាំង ដោយសារការរីកចម្រើននៃពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិន។ ចិនបានក្លាយជាអ្នកទិញប្រេងសំខាន់របស់រុស្ស៊ី ហើយរុស្ស៊ីក៏ត្រូវការចិនកាន់តែខ្លាំងក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាផ្សេងទៀត។
អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានអះអាងថា ប្រាក់យ័នពិតជាមានសារសំខាន់ខ្លាំងណាស់ ចំពោះមូលនិធិវិនិយោគជាតិរបស់រុស្ស៊ី។ ទំហំនៃប្រាក់យ័នដែលពួកគេអាចកាន់បាន មានការកើនឡើងទ្វេដងរហូតដល់៦០ភាគរយ ចាប់តាំងពីខែធ្នូឆ្នាំមុន។ ក្រសួងក៏បានចាប់ផ្តើមលក់ប្រាក់យ័នក្នុងខែមករាផងដែរ ដើម្បីការពារឱនភាពថវិកាពីការពង្រីក។
ចំណែកឯការនាំចេញរបស់រុស្ស៊ីដែលបានទូទាត់ជាប្រាក់យ័នមានការកើនឡើង ១៤ភាគរយបើគិតត្រឹមខែកញ្ញា ឆ្នាំ២០២២។ ទំហំនេះគឺជាសញ្ញាណនៃការកើនឡើងយ៉ាងខ្លាំង ដែលកាលពីពេលទើបតែចាប់ផ្តើមសង្រ្គាមមានត្រឹមតែ ០,៤ភាគរយ ។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលរុស្ស៊ី។
បើយោងតាមទិន្នន័យពី Refinitiv ធុរកិច្ចរុស្ស៊ីក៏បានចេញមូលបត្របំណុលជារូបិយប័ណ្ណប្រាក់យ៉ន់ផងដែរ ជាមួយនឹងទំហំ ៧ពាន់លានដុល្លារកាលពីឆ្នាំមុន ។ នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រាក់យ៉ន់-រូប្លិ បានក្លាយជាគូរូបិយប័ណ្ណដែលមានការជួញដូរច្រើនបំផុតនៅលើផ្សារហ៊ុនទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា ស្របពេលដែលការប្រើប្រាស់ប្រាក់យ៉ន់មានការកើនឡើងនៅក្នុងប្រទេសរុស្ស៊ី មិនមានន័យថាប្រាក់ដុល្លារអាម៉េរិកបានបាត់បង់ឥទ្ធិពលនោះទេ វាក៏អាចជាសញ្ញាណមួយដែលធ្វើឱ្យអាម៉េរិកមានការលំបាកក្នុងការប្រើប្រាស់ប្រាក់ដុល្លារ ជាអាវុធនៃទណ្ឌកម្មហិរញ្ញវត្ថុនៅពេលក្រោយ។ លោក Daniel McDowell សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Syracus បានលើកឡើងថា ៖ «នៅពេលដែលអ្នកបង្ខំប្រទេសមួយ ឱ្យស្វែងរកជម្រើសកាន់តែច្រើន អ្នកអាចធ្វើឱ្យពួកគេមានបទពិសោធន៍ និងបង្កើនទំហំសម្រាប់ការដោះស្រាយបញ្ហានេះ»៕