ជាតិ
គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ប្រមូលលិខិតជ័យលាភីដែលខុសអក្ខរាវិរុទ្ធ មកកែឡើងវិញ ក្រោយរងការរិះគន់ 
×![]()
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រមូលវិញ្ញាបនបត្រជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ដែលមានកំហុសអក្ខរាវិរុទ្ធ ដើម្បីកែសម្រួលឡើងវិញ។ ចំពោះកំហុសអក្ខរាវិរុទ្ធនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អះអាងថា មិនព្រងើយកន្តើយចំពោះកំហុសឆ្គងនោះទេ និងបានស្នើសុំទៅនាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ដើម្បីសុំកែសម្រួលផងដែរ។
សម្ដេច ហ៊ុន សែន បានប្រគល់វិញ្ញាបនបត្រជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ទៅកាន់ក្រុង/ខណ្ឌចំនួន ៣៨ កាលពីថ្ងៃទី២៧ កុម្ភៈកន្លងទៅ។ ក្នុងវិញ្ញាបនបត្រជ័យលាភីដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មានកំហុសអក្ខរាវិរុទ្ធត្រង់បាវចនាជាតិ «ព្រះរាជាណាចក្រកម្ពុជា»ទៅជា «ព្រះរាជាណាច្រកកម្ពុជា»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
កំហុសអក្ខរាវិរុទ្ធនេះ មានការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏មានវត្តមានរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធផងដែរ។ រដ្ឋមន្រ្តីព័ត៌មាន សរសេរដូច្នេះ៖ « ប្រហែសតូចខូចការធំ ! កម្ពុជា គ្មានព្រះរាជាណាមកច្រកទេ មានតែព្រះរាជាជួយវាសនាកម្ពុជាអោយកាន់តែត្រដែត»។
ចំពោះបញ្ហានេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បញ្ជាក់ថា៖ «ក្រោយពីទទួលបានព័ត៌មាន នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ អគ្គលេខាធិការដ្ឋានបានទាក់ទងជាប្រញាប់ ភ្លាមៗ ទៅកាន់ក្រុង/ខណ្ឌជ័យលាភីទាំង ៣៨ និងបានប្រមូលវិញ្ញាបនបត្រទាំងនេះដើម្បីយកមកកែសម្រួលឡើងវិញ»។
ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកុម្ភៈ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានធ្វើលិខិតស្នើសុំទៅកាន់នាយកខុទ្ទកាលសម្តេចនាយករដ្ឋមន្ត្រី ដើម្បីសុំកែសម្រួល និងស្នើសុំហត្ថលេខារបស់សម្តេច ហ៊ុន សែនសារជាថ្មី។ ទន្ទឹមនឹងនេះ អគ្គលេខាធិការ និងមន្ត្រីបច្ចេកទេស ក៏បានសូមអភ័យទោសចំពោះកំហុសបច្ចេកទេសដោយអចេតនាផងដែរ៕

វិញ្ញាបនបត្ររំដួល៣ទង បន្ទាប់ពីអគ្គនាយកវាយតម្លៃទីក្រុងស្អាតកែរួច។ រូបភាពពី៖ក្រសួងទេសចរណ៍
Tag:
ThmeyThmey25
ទេសចរណ៍
ទីក្រុងស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com