ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស.ស.យ.ក គាំទ្រចំពោះសាលក្រមលើលោក កឹម សុខា
04, Mar 2023 , 1:00 pm        
រូបភាព
លោក កឹម សុខា អង្គុយអាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួបរួមនៃជំលោះកម្ពុជា។ រូបថត៖ ហ្វេសប៊ុកលោក កឹម សុខា
លោក កឹម សុខា អង្គុយអាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួបរួមនៃជំលោះកម្ពុជា។ រូបថត៖ ហ្វេសប៊ុកលោក កឹម សុខា
ភ្នំពេញ៖ ចៅក្រម នៃតុលាការភ្នំពេញ បានសម្រេចឲ្យលោក កឹម សុខា ជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេល២៧ឆ្នាំនេះ លោក កឹម សុខា មិនត្រូវអនុញ្ញាតឲ្យចេញពីបរិវេណផ្ទះនោះទេ។

 
ក្រោយប្រកាសសាលក្រមនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រកាសគាំទ្រចំពោះសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា ដែលបានប្រកាសដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ 
 
សេចក្ដីថ្លែងការណ៍របស់ស.ស.យ.ក កាលពីថ្ងៃទី៣ ខែមីនា បានបញ្ជាក់ដូច្នេះ៖ «សាលក្រមនេះ មិនត្រឹមតែផ្ដល់យុត្តិធម៌ដល់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ផ្ដល់យុត្តិធម៌ និងតបស្នងចំពោះពលិកម្ម និងការលះបង់របស់ប្រជាជនកម្ពុជា ក្នុងដំណើរស្វែងរក និងការពារឯករាជ្យ អធិបតេយ្យភាព សន្តិភាព និងវឌ្ឍនភាពសង្គមអស់រយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។» 
 
សូមជម្រាបថា ក្នុងរយៈពេល២៧ឆ្នាំនេះ លោក កឹម សុខា មិនត្រូវអនុញ្ញាតឲ្យចេញពីបរិវេណផ្ទះនោះទេ។ លើសពីនេះ លោក កឹម សុខា មិនត្រូវជួបបុគ្គលណាម្នាក់ឡើយ មិនថាខ្មែរ ឬបរទេស ហើយសូម្បីជួបតាមប្រព័ន្ធបច្ចេកវិទ្យា ក៏មិនបានដែរ។ មានតែសមាជិកគ្រួសារប៉ុណ្ណោះ ដែលលោកអាចជួបបាន។ លោក អាចចេញពីផ្ទះ ឬជួបអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារ លុះត្រាមានការអនុញ្ញាតពីព្រះរាជអាជ្ញា។ ទាំងនេះ ជាខ្លឹមសារក្នុងសេចក្តីប្រកាសរបស់អយ្យការ។ 
 
អ្វីដែលគួរដឹងដែរនោះ គឺរយៈពេល២៧ឆ្នាំនេះ លោក កឹម សុខា ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ អយ្យការ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអនុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃប្រកាសសាលក្រម រហូតដល់ពេលសាលក្រមចូលជាស្ថាពរ»៕ 

© រក្សាសិទ្ធិដោយ thmeythmey.com